ពីធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១១-២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ


កាលពីព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១១ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅផ្ទះលេខ ២២ ផ្លូវ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១១២០១២ ក្រោមអធិបតីភាព៖
លោក ជា ធីឡាយ​ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម​ ផុន​ នាយកប្រតិបត្តិ អ៊ិន ធី ស៊ី
គ្រុប
ថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និងថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ អាណាព្យបាល សិស្ស និងសិស្សានុសិស្សទាំងអស់។ សាលារៀនសុវណ្ណភូមិមាន ៦ទីតាំង ៤ទីតាំងក្នុងរាជធានីភ្នំពេញ មួយទីតាំងនៅក្នុង ក្រុងតាខ្មៅខេត្តកណ្តាលនិងមួយទីតាំងទៀតនៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាន ផ្តលសេវាកម្មអប់រំថ្នាក់ចំណេះទូទៅខ្មែរពីមត្តេយ្យដល់ទី១២ និងភាសាអង់គ្លេសទូទៅ គ្រប់កំរិត។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប មានប្រសាសន៍ថា៖ វត្តមាន របស់លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ទៅ លើការអប់រំដល់បុត្រធីតារបស់លោកអ្នក​ ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា​ សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
សាលារៀនសុវណ្ណភូមិ គឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀត របស់អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុង ខែ កក្កដា ឆ្នាំ២០០៩ ដែលមានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយ គុណភាពជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងអស់ ចាប់ពីកម្រិតមត្តេយ្យសិក្សា​រហូតដល់ វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកំរិតមត្តេយ្យដល់មធ្យមសិក្សា។
ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកម្មសំខាន់ៗ ចំនួន៤ដូចខាងក្រោម៖
១.​ ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២.​ ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សា នុសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើក ទឹកចិត្តនូវរាល់សមិ្មទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេបានសម្រេចបាន។
៤. ផ្តល់នូវសំភារៈឧបន្ទេសគ្រប់គ្រាន់ សំភារៈឧបន្ទេសទាំងអស់ ត្រូវបានធានាអោយមាន ទៅតាមកំរិតសិក្សានីមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្សមានការ រីកចម្រើន៕
លោកឃឹម ផុនបានបន្តទៀតថា៖ ការសម្រេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រង សាលារៀនសុវណ្ណភូមិគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្ម ពីសំណាក់មាតាបិតាសិស្សនៅក្នុងសហគមន៍ទាំងមូល។ ជាលទ្ធផល ត្រឹមការសិក្សាឆ្នាំ ២០១០ -២០១១ កន្លងមកនេះ សាលារៀនសុវណ្ណភូមិបានប្រមូលសិស្សអោយចូលរៀនសិក្សាសរុប​ ១៥,០០០ នាក់ ក្នុងចំណោម៦ទីតាំង។ ដោយសារមានការទទួលស្គាល់នូវគុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស អំពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងសិក្សាទៅលើពង្រីកទីតាំងថ្មីៗបន្ថែមទៀតនា ឆ្នាំសិក្សា ២០១១-២០១២ ខាងមុខនេះ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តសំខាន់ៗ មួយចំនួនទៀត។ ការពង្រឹងវិសាលភាពសេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតប ទៅតាមតម្រូវការរបស់អ្នកសិក្សា ដែលពួកគេចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយ ប្រកបដោយ ចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដោយមានក្រសួងអប់រំយុវជននិងកីឡា និងមន្ទីរ អប់រំយុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់។

No comments: