ពិធីសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី


កាលពីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ កន្លងទៅ សាលាញូវតុនធីឡាយ សាខាខេត្តកំពត បានប្រារព្ធពិធី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ នូវអាគារសិក្សាថ្មីរបស់ខ្លួន ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ៧៨៨ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដោយមាន ការចូលរូមពី លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប និងថ្នាក់ដឹកនាំសាលាញូវតុនធីឡាយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាច្រើននាក់។
សាលាញូវតុនធីឡាយគឺជាគ្រឹះស្ថានអប់រំ ដែលមានវ័យចំណាស់ជាងគេ របស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
លោក ស៊ូន ហួត នាយកសាលាញូវតុនធីឡាយ សាខាខេត្តកំពត បានថ្លែងឱ្យដឹងថា សាលាញូវតុនធីឡាយ សាខា ខេត្តកំពត បានចាប់កកើតឡើង នៅក្នុងឆ្នាំ២០០៦ ដែលគិតត្រឹមមកដល់លើថ្ងៃនេះ គឺមានរយះពេល៦ឆ្នាំ ដែលមានសិស្សសរុបចំនួន ៧៧១នាក់
លោកថា ដើម្បីឆ្លើយតបទៅនឹង សន្ទុះនៃការកើនឡើង សិស្សានុសិស្ស ឥតឈប់ សាលាបានធ្វើការសាងសង់ អាគារសិក្សាថ្មីចំនួនពីរ ដែលជា អាគារផ្ទាល់ខ្លួន ។ ក្នុងនោះយើងខ្ញុំក៏បានកំពុងតែ ពង្រីក នឹងពង្រឹងលើគុណភាពអប់រំ និងសេវាកម្ម របស់សាលា ដែលមានស្រាប់ដូចជា ថ្នាក់មត្តេយ្យ ភាសាអង់គ្លេស និងមត្តេយ្យភាសាខ្មែរ ថ្នាក់ចំណេះទូទៅ ភាសាខ្មែរ(ចាប់ពីទី១ រហូតដល់ទី១២) ថ្នាក់បឋម-មធ្យមភាសាអង់គ្លេស ថ្នាក់ភាសាអង់គ្លេស ទូទៅ និង ថ្នាក់ជំនាញភាសាអង់គ្លេស រយៈពេលខ្លីផងដែរ ។លើសពីនោះ សាលាក៏មានធ្វើការ បញ្ចុះតម្លៃ ចំពោះព្រះសង្ឃ ជនពិការ កូនកំព្រា និង សិស្សដែលឧបត្ថម្ភដោយអង្គការ នានា ផងដែរ៕
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានថ្លែងថាការបើកឱ្យ ដំណើរការនូវសាលាញូវតុនធីឡាយ នៅក្រុងកំពតនេះ ក្នុងគោលបំណង នាំមកនូវ សេវាកម្មអប់រំប្រកប ដោយគុណភាពរបស់សាលាញូវតុនធីឡាយ ដែលធ្លាប់ទទួលស្គាល់ពីលោក លោកស្រីជាមាតាបិតា អាណាព្យាបាល សិស្សកន្លងមក មកជួនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀត ដើម្បីផ្តល់នូវទីផ្សារ ការងារ ដល់យុវជនជំនាន់ក្រោយ នៅទីនេះ មានឱកាសបានទទួលការងារក្នុងវិស័យអប់រំ រឺ ជំនាញណាមួយដែលពួកគេបានសិក្សាកន្លងមក៕

ពិធីបិទវគ្គកីឡាប្រចាំឆ្នាំ២០១១-២០១២



ពិធីបិទវគ្គកីឡាប្រចាំឆ្នាំ២០១១-២០១២
របស់ អ៊ិន ធី ស៊ីគ្រុប
នៅមជ្ឈមណ្ឌលកីឡាជ្រោយចង្វាររបស់ អ៊ិន ធី ស៊ីគ្រុប នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២ បានប្ររព្ធពិធីបិទវគ្គកីឡារបស់ខ្លួនក្រោមការអញ្ជីញចូលរូមពី៖
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
និងថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ជាកីឡាករ កីឡាការិនី​ ដែលមកពី សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ និងបុគ្គលិកនៃ អ៊ិន ធី ស៊ីគ្រុបទាំងអស់។
នាឱកាសនោះដែរលោក ឃឹម ផុន​ ដែលជានាយកប្រតិបត្តិ របស់អ៊ិនធីស៊ីគ្រុប បានថ្លែងសន្ទរកថា ថា៖ វិស័យកីឡា ជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពនានា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរដ្ឋាភិបាលបាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការរួមចំណែក ស្តាវិស័យកីឡាជាតិ អោយកាន់តែរីក
ចម្រើន។ វិស័យកីឡាចូលរូមចំណែក យ៉ាងធំធេងក្នុងការលើកកំពស់ស្មារតីសុខភាព និងសុខមាលភាព របស់មនុស្សគ្រប់រូប និងសង្គមជាតិ។ លើសពីនេះទៅទៀតវិស័យនេះអាចជួយអោយក្មួយៗ សិស្សានុសិស្ស
ទាំងអស់ប្រាស់ចាកពីគ្រឿងញឿន និងប្រព្រឹត្តអំពីមិនគប្បីក្នុងសង្គម។
នៅក្នុងផែនការរបស់ អ៊ិន ធី ស៊ីគ្រុប វិស័យកីឡាគឺជាវិស័យអាទិភាពដែលត្រូវបានបញ្ជូលទៅក្នុង កម្មវិធីសិក្សាក្នុងគោលបំណងដើម្បីង្កើនគុណភាពនៃការអប់រំ និងដើម្បីបំពេញទៅតាមគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនាមខ្ញុំជានាយកប្រតិបត្តិ អ៊ិន ធី​ស៊ីគ្រុប​ ខ្ញុំសូមសំដែង នូវការកោតសរសើរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ដ៍ល្អប្រពៃរបស់បុគ្គលិកនិងប្អូនៗសិស្សានុសិស្សទាំងអស់ក្នុងរយៈពេលកន្លងមកនេះក្នុងការចូលរួមចំណែក
ជួយស្ថាបនា និងស្តាវិស័យកិឡាជាតិរបស់យើងអោយកាន់តែរីកចំរើនទៅមុខថែមទៀត។