ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣



កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ២០១២ សាលា​រៀន​សុវណ្ណ​ភូមិ​ ទីតាំង​ក្រុង​តា​ខ្មៅ ផ្ទះ​លេខ​២២ ផ្លូវលេខ​១០៨ ភូមិ​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​​ប្រារព្ធ​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣​ ក្រោមអធិបតី ភាពលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប , លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិ​ន ធី ស៊ី គ្រុប ដោយ​មាន​ការ​ចូល​រួម​ពី​​ថ្នាក់ដឹកនាំ អ៊ិន ធី ស៊ី​គ្រុប​ និង​ថ្នាក់​ដឹកនាំ​សាលា​រៀន​សុវណ្ណ​ភូមិ ​លោក​​គ្រូ-អ្នក​គ្រូ​ និង​អាណា​ព្យា​បាល​សិស្ស និង​សិស្សា​នុសិស្ស​ទាំង​អស់​។
ក្នុង​ឱកាស​នោះ​ដែរ​លោក ឃឹម ផុន នាយកប្រតិ បត្តិ​​នៃ​អ៊ិន​ធី​ស៊ី​គ្រុប​មាន​ប្រសាសន៍​ថា សាលារៀន​សុវណ្ណ​ភូមិ​គឺជា​ស្ថាប័ន​អប់រំ​មួយក្នុង​ចំណោម​ស្ថាប័ន​ផ្សេង​ ទៀតរបស់​អ៊ិនធី ស៊ី​គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែកក្កដា ឆ្នាំ២០០៩ មាន​ទីតាំងសរុប​ចំនួន​១៣​កន្លែង​ដែល​​មាន​៨​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​៥​ទីតាំង​ទៀត​នៅតាម​បណ្តា​ខេត្ត​ដូចជា​ ក្រុង​តាខ្មៅ​-ខេត្ត​កណ្តាល ​ក្រុង​ព្រះ​សីហនុ​-​ខេត្ត​ព្រះសីហនុ​ ក្រុង​បាត់​ដំបង​-ខេត្ត​បាត់ដំបង​ ក្រុង​សិរី​សោភ័ណ-​ខេត្តបន្ទាយ​មាន​ជ័យ និង​ក្រុង​ប៉ោយ​ប៉ែត​-ខេត្ត​បន្ទាយ​មាន​ជ័យ។
សាលា​រៀន​សុវណ្ណ​ភូមិ​​ មាន​ចក្ខុ​វិស័យផ្តល់​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព​ជូន​ដល់​សិស្សា​នុសិស្ស​ គ្រប់​​មជ្ឈដ្ឋាន​ទាំងអស់​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ វិទ្យាល័យ និង​ភាសា​អង់គ្លេស​ទូទៅ​ចាប់ពី​កម្រិត​មត្តេយ្យ​ដល់​មធ្យម​សិក្សា​ ។   
ដើម្បី​​សម្រេច​ឲ្យ​បាន​នូវច​ក្ខុ​វិស័យ​ខាង​លើ ​សាលារៀន​សុវណ្ណ​ភូមិ​មាន​បេសកកម្ម​​សំខាន់​ៗចំនួន​៤ដូចខាងក្រោម ៖
១.ផ្តល់ជូន ​នូវកម្ម​វិធី​សិក្សា​ដែលមាន​គុណ​ភាព​​​ដើម្បី​ឲ្យ​សិស្ស​មាន​ការ​អភិវឌ្ឍ​ លើ​ផ្នែក​រាង​កាយ​ បញ្ញា ស្មារតី សីលធម៌​ និងវប្បធម៌ ។
២.ផ្តល់​ជូន​នូវ​ គ្រូបង្រៀន​ដែលមាន​បទ​ពិសោធន៍​ និង​ជំនាញ​ច្បាស់​លាស់ អាច​ធ្វើឲ្យ​សិស្សា​នុសិស្ស​មាន​ការ​​រីក​ចម្រើន​ទៅលើការ​សិក្សា​នៅក្នុង​ ថ្នាក់រៀន ​និង​សកម្មភាព​ផ្សេងៗ​ទៀត ។
៣.​ផ្តល់​ជូន​នូវ​បរិយាកាស​ល្អ​ ក្នុង​ការ​សិក្សា​ សិស្សា​នុសិស្ស​ទាំងអស់ត្រូវ​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​នូវ​រាល់​សមិទ្ធ​ផល ​និង​ស្នាដៃ​ផ្សេងៗ​ដែល​ពួក​គេ​សម្រេច​បាន ។
៤.ផ្តល់​នូវ​សម្ភារ​ឧបទេស​ គ្រប់​គ្រាន់​ សម្ភារ​ឧបទេស​ទាំងអស់​ត្រូវ​បាន​ធានា​ឲ្យមាន​ទៅតាម​កម្រិ​ត​សិក្សា​​នីមួយៗ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យការ​សិក្សា​របស់​សិស្ស​មាន​ការ​រីកចម្រើន ។
លោក​ឃឹម​ ផុន​ បាន​បន្ត​ទៀត​ថា ការ​សម្រេច​បាន​នូវចក្ខុវិស័យ​របស់​សាលារៀន​សុវណ្ណ​ភូមិ​ កើត​ចេញ​ពីការ​ខិតខំ​ប្រឹង​ប្រែង​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត និង​កម្លាំង​ប្រាជ្ញ​ា​របស់​គណៈ​គ្រប់គ្រង​សាលារៀន​សុវណ្ណ​ភូមិ​គ្រប់​ លំដាប់​ថ្នាក់ លោក​គ្រូ​-អ្នកគ្រូ បុគ្គលិក​គ្រប់ផ្នែក និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពីសំណាក់​មាតា​បិតា​សិស្ស​នៅក្នុង​សហគមន៍​ទាំ​ង​ មូល ។ជា​លទ្ធផល​ក្នុងឆ្នាំ​សិក្សា​២០១១-២០១២ កន្លង​មកនេះ សាលា​រៀន​សុវណ្ណ​ភូមិបាន​ទទួល​សិស្ស​ឲ្យចូល​រៀន​សរុប​ជាង​២០.000​នាក់​ក្នុង ​ចំណោម​១៣​ទីតាំង​។ នេះ​ក៏​ដោយ​សារ​មាន​ការ​ទទួល​ស្គាល់​នូវគុណភាព​អប់រំ​ផ្នែក​ចំណេះ​ទូទៅ​ ខ្មែរ​និងភាសា​អង់គ្លេស​អំពី​សំណាក់​មាតាបិតា​សិស្ស​ក៏ដូចជា​ប្អូនៗ​សិស្សា​ នុសិស្ស​គ្រប់​មជ្ឈដ្ឋាន ។ ហេតុដូច្នេះហើយ គណៈ​គ្រប់​គ្រង​សាលារៀន​សុវណ្ណ​ភូមិបាន​និង​កំពុង​សិក្សា​ទៅលើការ​ពង្រីក​ ទីតាំង​ថ្មីៗ​បន្ថែម​ទៀត​នា​ឆ្នាំ​សិក្សា២០១២-២០១៣​ ខាងមុខនេះរួមមាន នៅ​ផ្សារ​តូច ​ទួល​គោក​ ពោធិ៍​ចិនតុង ជម្ពូវ័ន និង​ខេត្ត​សៀម​រាប​។
សមិទ្ធ​ផល​ដ៏ថ្លៃថ្លា​ទាំង​នេះ​ គឺជា​មោទន​ភាព​របស់​គណៈ​គ្រប់គ្រង​សាលារៀន​សុវណ្ណ​ភូមិ​លោក​គ្រូ-អ្នកគ្រូ និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​ដែលមាន​លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប ជាអ្នកដឹកនាំ និង​បាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​ជាច្រើន​​ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ សាលា​រៀន​សុវណ្ណ​ភូមិ ។ការ​ពង្រីក​វិសាល​ភាព​សេវាកម្ម​អប់រំ​របស់​សាលារៀន​សុវណ្ណ​ភូមិ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅតាម​តម្រូវ​ការ​របស់​អ្នក​សិក្សា​ ដែល​ពួកគេ​ចាំបាច់​ត្រូវតែ​ទទួល​បាន​នូវ​ការ​អប់រំ​មួយ​ប្រកប​ដោយ​ចំណេះ​ដឹង និង​ចំណេះ​ធ្វើពិត​ប្រាកដ ​ដោយ​មាន​ក្រសួង​អប់រំ​យុវជន​និង​កីឡាជា​អាណា​ព្យាបាល​ផ្ទាល់​ ។ ជា​ពិសេស​គឺអាស្រ័យ​ដោយការ​ផ្តល់​នូវ​ជំនឿ​ជឿ​ជាក​់ និង​ទំនុក​ចិត្ត​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​មាតាបិតា​ អាណា​ព្យាបាល​សិស្ស​មក​លើ​គុណ​ភាព​​នៃការអប់រំ​របស់​សាលារៀន​សុវណ្ណ​ភូមិ ។ អាស្រ័យ​ហេតុ​នេះ សាលារៀន​សុវណ្ណ​ភូមិ​សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មាតា​ បិតាអាណាព្យាបាល​សិស្ស​​​ដែល​បាន​បញ្ជូន​ បុត្រ​ធីតា​ មក​សិក្សា​នៅទីនេះ​ប្រកប​ទៅដោយ​ជំនឿ​ជឿជាក់មុត​មាំបំផុត។
លោក ជា ធីឡាយ អគ្គនាយក អិុន ធី ស៊ី គ្រុប​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​ ការ​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​នៅថ្ងៃនេ​ះ គឺ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ដល់​ប្អូនៗ ក្មួយៗសិស្សា​នុសិស្ស និងលោក-លោកស្រីជា​មាតា​បិតា​អាណា​ព្យាបាល​សិស្ស​ទាំងអស់​នៅទីនេះ​ឲ្យបាន​ ជ្រាប​ថា សាលារៀន​សុវណ្ណ​ភូមិ​​បាន​បើក​ឱ្យ​ដំណើរ​ការ​ក្នុងទឹក​ដីក្រុង​តា​ខ្មៅ​នេះ​ អស់​រយៈ​ពេល​១ឆ្នាំមក​ហើយ​ ហើយ​បាន​ផ្តល់​សេវាកម្ម​អប់រំ​ប្រកប​ដោយ​គុណភាព​ជូន​ដល់​ប្អូនៗ ក្មួយៗ សិស្សា​នុសិស្ស​ដែល​ជា​បុត្រ​ធីតា​របស់​លោក​-លោក​ស្រី​​នៅ​ទីនេះ ។ ជា​ពិសេស​ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​ មនុស្ស​ ស្រប​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ។
សាលា​រៀន​សុវណ្ណ​ភូមិ​ ជាសេវាកម្ម​មួយ​ដ៏ល្អ​សម្រាប់​ការ​សិក្សា​របស់​សិស្ស​ដែល​ប្រកប​ដោយ​គុណភាព​ ប្រសិទ្ធ​ភាព និង​ការ​គ្រប់​គ្រង​អប់រំ​តាម​បែប​ផែន​ទំនើប ដូចជា​ការ​ពង្រឹង​ និង​ពង្រីក​ក្លិប​សិក្សា​ ក្រុមកុមារជួយដល់​កុមារ​ សិស្ស​ពូកែ​ជួយ​ដល់​សិស្ស​រៀន​យឺត​ ជា​ពិសេស​ជំរុញ​ឲ្យ​មាន​សកម្មភាព​បំណិន​ជីវិត ។
ផ្អែក​លើ​ខ្លឹម​សារ​នៃ​កម្មវិធី​គាំទ្រ​វិស័យ​អប់រំ​ ឆ្នាំ​សិក្សា២០១២-២០១៣ និង​ប្រធាន​បទ​ទាំង​ ៨គឺ៖
១.ការ​គាំពារ និងអភិវឌ្ឍ​កុមារ​តូច
២.គុណភាព ប្រសិទ្ធភាព ការគ្រប់​គ្រង​អប់រំ​នៅ​បឋមសិក្សា
៣.​គុណភាព និង​ប្រសិទ្ធ​ភាព​អប់រំ​នៅ​មធ្យម​សិក្សា​
៤.​​ប្រសិទ្ធភាព​សេវាកម្ម​អប់រំ ​និង​ការ​អភិវឌ្ឍ​គ្រូបង្រៀន​
៥.ការ​អភិវឌ្ឍ​កុមារ និងយុវជន
៦.ការងារអភិវឌ្ឍអប់រំកាយ និងកីឡា
៧.ការងារអប់រំក្រៅប្រព័ន្ធ
៨.ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា
​លោក​អគ្គ​នាយក​បាន​បន្តទៀត​ថា  ស្ថិត​ក្នុង​បរិយាកាស​ដ៏ថ្លៃថ្លា​នេះ​ដែរ​! តាង​នាម​ថ្នាក់​ដឹក​នាំ លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​នៃសាលារៀន​សុវណ្ណ​ភូមិ និង​ក្នុងនាម​ខ្ញុំជា​អគ្គនាយក អិុ​ន ធី ស៊ីគ្រុប ខ្ញុំសូមសន្យាថា នឹង​ខិត​​ខំប្រឹង​ប្រែងឲ្យ​អស់ពី​កម្លាំងកាយចិត្ត​ និង​ប្រាជ្ញា​​ក្នុងការជួយផ្តល់​នូវចំណេះដឹង​ប្រកប​ដោយ​​​គុណ​ភាព​ដល់ប្អូនៗ និងក្មួយៗ​សិស្សា​នុ​សិស្ស​​ទាំង​អស់​ដែល​សិក្សា​នៅសាលារៀន​សុវណ្ណ​ភូមិ​ ឲ្យ​ក្លាយ​ជាកូន​ល្អ សិស្សល្អ មិត្តល្អ​ ពល​រដ្ឋ​ល្អ និង​ទទួល​បាន​អនាគត​ភ្លឺ​ថ្លា​ត្រចះ​​ត្រចង់​​សម្រាប់​​គ្រួសារ​ និង​ជា​ទំពាំង​ស្នង​ឬស្សី​ដ៏ល្អ​សម្រាប់​​ប្រទេសជាតិ ៕   

No comments: