ពិធី​​ប្រគល់​រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស


រាជ​ធានី​ភ្នំពេញ​ ៖កាលពី​ថ្ងៃ​ទី៤ កក្កដា​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​រៀបចំ​ពិធី​​ប្រគល់​
 រង្វាន់​និង​អាហារូបករណ៍​ជូន​ដល់ សិស្ស​​ពូកែ​ក្នុង​ការប្រ​កួត​ប្រកប​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស​ (Spelling Bee Contest ​) ដែល​បាន​ធ្វើការ​ប្រឡងជ្រើសរើស​ផ្ដាច់​ព្រ័ត្រ​ ​កាលពី​ថ្ងៃ​ទី ​៨ ​មិថុនា​ ឆ្នាំ​២០១២ កន្លង​មក​ ក្រោម​អធិប​តី​​​ភាព​របស់​លោកឃឹម ផុ​ន ជានា​យក​ប្រតិ​បត្ដិ​អិុន​ធី​ស៊ី​គ្រុប​ ។
លោកណុ​ប ប៉ុណ្ណ​ នាយក​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ បាន​ជម្រាប​​ជូន​ពី​ទិស​ដៅ​និង​សេវា​កម្ម​របស់​សាលា​ថា​ សាលារៀន​សុវណ្ណ​ភូមិ​មាន​ផ្ដល់​នូវ​សេវាកម្ម​អប់រំ​២សំខាន់​គឺ​៖
១-ចំណេះ ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្ដេ​យ្យ​ដល់​ថ្នាក់​​ទី​១២ ដោយ​កម្មវិធី​សិក្សា​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡានៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុ​ជា​ និង​បង្រៀន​ដោយ​លោកគ្រូ​-​អ្នក​គ្រូ​ ដែល​មាន​គរុកោសល្យ​ និង​ប្រកបដោយ​បទ​​ពិសោធន៍​បង្រៀនយូរ​ឆ្នាំ​នៅ​សាលា​រដ្ឋ​ ហើយ​មានការ​ទទួលស្គាល់​ពី​មន្ទីរ​អប់រំ​យុវជន​និង​​កីឡា​រាជធានី​ភ្នំពេញ​ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​លោក​-​លោកស្រី​អាណាព្យាបាល​សិស្ស​​ទាំងអស់​ អាច​ប្ដូរ​ការ​សិក្សា​របស់​បុត្រ​ធីតា​ទៅ​សាលា​រដ្ឋ​វិញ​ ឬ​ពី​សាលា​រដ្ឋ​មក​សាលា​រៀន​​សុវណ្ណ​​ភូមិ​វិញ​ ។
២-ភាសា​អង់គ្លេស​ទូទៅ ​មាន​គ្រប់​កម្រិត​​បង្រៀន​តាម​បែប​ស្ដង់ដា​អា​មេ​រិ​កាំ​ង​ ដោយ​កម្មវិធី​សិក្សា​ដកស្រង់​ចេញពី​សៀវភៅ​ទំនើប​ៗ របស់​អា​មេ​រិ​ក​ដែល​មានការ​ប្រឹក្សា​យោបល់​យ៉ាង​​ល្អិតល្អន់​ជាមួយ​ អ្នកជំនាញ​មក​ពី​អា​មេ​រិ​ក ដោយ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​អាច​សិក្សា​ជា​មួយ​គ្រូខ្មែរ​ និង​បរទេស​​ដែល​មាន​បទ​ពិសោធន៍​បង្រៀន​យូរ​ឆ្នាំ​ និង​ទទួល​បានការ​បណ្ដុះ​បណ្ដាល​គរុកោសល្យ​គ្រប់គ្រាន់​ ។
លោក​បាន​បន្ថែម​ថា សាលារៀន​សុវណ្ណ​ភូមិ នា​​ពេល​ថ្មី​ៗ​នេះ​ បាន​រៀបចំ​នូវ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ទស្សនកិច្ច​សិក្សា ការ​ចូលរួម​ដាំ​កូន ឈើ​​ ការ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គម​ និង​ជា​ពិសេស​បាន​រៀបចំ​ការ​ប្រឡង​ការ​ប្រកួត​វាក្យ​ស័ព្ទ​ភាសា​អង់គ្លេស ដែល​ការ​រៀបចំ នេះ​ក្នុង​គោលបំណង​លើក​ទឹ​ក​ចិត្ដ​ដល់​សិស្ស​ដែល​មានការ​ចង​ចាំ​វាក្យ​ស័ព្ទ ​ភាសា​អង់គ្លេស​បាន​ល្អ ទាំង​ការ​ប្រកប​ការ​បញ្ចេញ​សំឡេង និង​អត្ថន័យ របស់​ពាក្យ​ ហើយ​ជា​ការ​ជំរុញ​ឱ្យ​សិស្ស​ទាំងអស់ ព្យាយាម​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់​ពួក​គេ​ឱ្យ​រឹត​តែ​ប្រសើរ​ថែម​ ទៀត​ ។ ជា​លទ្ធផល​យើង​បាន​ជ្រើសរើសបាន​សិស្ស​ពូកែ​ពី​តាមកម្រិត​សិក្សា​នីមួយ​ៗ​ ចំនួន​១៨​រូប​ ក្នុង​នោះចំណាត់​ ថ្នាក់​​​លេខ​​១ ចំនួន​៦​រូប លេខ​២ ចំនួន​៦​រូប លេខ​៣ ​ចំនួន​៦​រូប ដែល​ពួក​គេ​ម្នាក់​ៗ​នឹង​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ដ​ដូច​ខាងក្រោម ៖
១-​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​អាហា​រូប​ករណ៍​១០០​ភាគរយ​ មេដាយមាស​មួយ​ សម្ភារ​សិក្សា​មួយ​ឈុត និង​ប័ណ្ណសរសើរ​មួយ ។
២-ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​អាហា​រូប​ករណ៍​៥០​ភាគរយ​ សម្ភារ​សិក្សា និង​ប័ណ្ណ​សរសើរ​​មួយ ​​។
៣-ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​អាហា​រូប​ករណ៍​​៣០​​ភាគរយ​ សម្ភារ​សិក្សា និង​ប័ណ្ណ​សរសើរ​​មួយ ​​។
លោក ឃឹម ផុន ជានាយក​ប្រតិបត្តិ​អិុន​ធី​ស៊ី​គ្រុបបាន​សម្តែង​នូវការ​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈគ្រប់គ្រង​សាលា​ លោក​គ្រូ អ្ន​ក​គ្រូ និង​បុគ្គលិក​ទាំងអស់​នៅទីនេះ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការ​ងារកន្លង​មក ​និង​ក៏​សូម​ចូលរួម​អបអរសាទរ​ផងដែរ​ជាមួយ​​ប្អូនៗ ​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ ដែលបាន​ខិត​ខំ​សិក្សា​រៀន​សូត្រ ហើយ​បានទទួល​ជោគជ័យ​នៅ​ពេលនេះ។​ លោកបានបន្ថែម​ទៀតថា ការអប់រំ​គឺ​ជាវិស័យ​អាទិភាពមួយ​ដែលរាជ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​។ ដោយ​មើល​ឃើញពី​ភាព​ចាំបាច់​ដូចនេះ​ហើយ ទើបអិុន​​ធីស៊ីគ្រុប​​បាន​ចូល​រួម​ចំណែកជាមួយរាជរដ្ឋា​ភិ​បាល​ ដោយបាន​បង្កើត​នូវសេវា​កម្មអប់រំ​ជាច្រើន ដែលក្នុង​នោះ​ក៏​មានសាលារៀន​សុវណ្ណភូមិ​ផងដែរ ​ដែលមក​ដល់​ពេល​បច្ចុប្បន្ន​នេះ សាលារៀន​សុវណ្ណភូមិ​កំពុង​តែ​បានពង្រីក​ទីតាំងរបស់​ខ្លួន​នៅទូទាំង​ប្រទេស​ ទាំង​រាជ​ធានី និងខេត្ត​មានចំនួន១២​កន្លែ​ង ​ហើយ​​ក៏កំពុងតែ​បន្តពង្រីក​ទីតាំង​ថ្មីៗជា​បន្ត​បន្ទាប់​​ទៀត​។ សាលារៀន​សុវណ្ណ​ភូមិមាន​ចក្ខុ​វិស័យ​ផ្តល់សេវា​អប់រំ ដែលមាន​គុណ​ភាព​ ដើម្បី​រួម​ចំណែក​ជាមួយរា​ជរដ្ឋាភិ​បាល​​ក្នុងការ​អភិ​វឌ្ឍ​​ធនធាន​មនុស្ស។ ដើម្បី​សម្រេច​បានចក្ខុ​វិស័យ​ខាង​លើនេះ សាលាបាន​ដាក់ចេញ​នូវបេសក​កម្ម​ចំនួ​ន៤សំខាន់​គឺ ផ្តល់ជូន​នូវកម្ម​វិធីសិក្សា​ប្រកប​ដោយ​គុណភាព ​​ផ្តល់ជូន​​នូវគ្រូ​ដែលមាន​គុណ​ភាពផ្តល់​ជូននូវ​បរិយា​កាសសិក្សា​ប្រកប​ដោយ ​គុណ​ភាព និងផ្តល់​ជូន​នូវសម្ភារ​សិក្សា​គ្រប់គ្រាន់ ​។
កុមា​រា សាម​ហេង​ សុភា​វណ្ណ ជា​សិស្ស​ពូកែ​និង​ជា​តំណាង​សិស្ស​ពេញ​ម៉ោង​ និង​ក្រៅ​​ម៉ោង​ភាសា​អង់គ្លេស​នៃ​សាលា​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ទាំង​ អស់​ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​ ប្អូន​មាន​អារម្មណ៍​រីករាយ​និង​មាន​ភាព​ស្និ​ទ្ធ​​ស្នាល​ក្រៃ​លែង​ដែល​បាន​ សិក្សា​នៅ​សាលារៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​នេះ​ ព្រោះ​សាលា​បាន​យកចិត្ដ​ទុក​ដាក​់​លើ​ការ​ពង្រឹងគុណភាព​សិក្សា​របស់​សិស្ស​ ដោយ​មានការ​រៀបចំ​ជ្រើ​សរើស​គ្រូខ្មែរ​ និង​បរទេស​ជន​ជាតិ​​ដើម​ ដែល​មាន​សមត្ថភាព​និង​បទ​ពិសោធ​ន៍​ខ្ពស់​ក្នុង​ការ​បង្រៀន​ សិក្សា​កុំព្យូទ័រ សម្ភារ​សិក្សា​ បន្ទប់​សិក្សា​ស្អាត​ប្រកប​ដោយ​ផា​សុកភាព​ ដែល​​អាច​ជួយ​ឱ្យ​សិស្សានុសិស្ស​ទាំង​អស់​មាន​ឱកាស​ទទួល​បានការ​ងារ​ល្អ​ និង​អនា​គត​​ភ្លឺស្វាង​។ ឆ្លៀត​​​ក្នុង​ឱកាស​ដ៏​មានតម្លៃ​​នេះ តាង​​នាម​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​នៅ​សាលា​រៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ ភ្នំ ប្អូន​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈ​គ្រប់គ្រង​សាលា​​​ លោកគ្រូ​អ្នកគ្រូ​ ទាំងអស់​នៅ​សាលា​រៀន​​​​សុវណ្ណ​ភូមិ​ទីតាំង​វត្ដ​ភ្នំ​ ដែល​បាន​ខិតខំ​អស់ពី​កម្លាំង​កាយ​ចិត្ដ​ដោយ​​មិន​គិតការ​នឿយហត់​ក្នុង​ការ​ ផ្ដល់​ដំបូន្មាន​ល្អ​ៗ និង​បង្ហាត់បង្រៀន​ប្អូន​ៗ​ឱ្យ​ក្លាយជា​កូន​ល្អ មិត្ដ​ល្អ និង​សិស្ស​ល្អ​ ។ ប្អូន​សូម​សន្យា​ថា​ នឹង​បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ឱ្យ​ក្លាយជា​ពលរដ្ឋ​ ប្រកបដោយ​សក្តា​​នុ​ពល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ។
ក្នុង​ឱកាស​នោះ​ដែរ​ តំណាង​បិតា​សិស្ស​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃ​លែង​ ដែល​បានឃើញ​ការ​ផ្លាស់​ប្ដូរ​ថ្មី​ ទាំង​បរិយាកាស​សិក្សា​ និង​គុណភាព​សិក្សា​របស់​សិស្ស​ ។ គាត់​ក៏​បាន​លើក​ឡើង​ថា​គាត់​មាន​ទំនុកចិត្ដ​យ៉ាង​មុត​មាំ​លើ​ការ​គ្រប់គ្រង ​និង​កម្មវិធី​សិក្សា​របស់​សាលារៀន​សុវណ្ណ​ភូមិ​ក្នុង​ការ​អប់រំ​ និងផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​គ្រប់​រូប​ ដោយ​គាត់​ឃើញ​ថា ក្រោយ​ពី​បាន​សិក្សា​​​នៅ​សាលា​សុវណ្ណ​ភូមិ​មក ​កូន​របស់​គាត់​មាន​ការ​រីក​ចម្រើន​​ល្អ​ប្រសើរ​ជាង​មុន​ពិតប្រាកដ​មែន ហើយ​ក្នុង​នាម​ជា​តំណាង​មាតាបិតា​សិស្ស​លោក​សូម​វាយតម្លៃ​​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ដទុកដាក់​​ពី​ថ្នាក់​ដឹក​ នាំ​ លោកគ្រូ​ អ្នកគ្រូនៃ​សាលារៀន​សុវណ្ណ​ភូមិ​​ទាំងមូល​ ​៕

1 comment:

Blogger said...

eToro is the #1 forex broker for newbie and established traders.