ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ


ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ
សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ ខេត្តបន្ទាយមានជ័យ
កាលពីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១១ (ខេត្តបន្ទាយមានជ័យ) បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី
របស់ខ្លួនដែលមានទីតាំង ផ្លូវលេខ៤ ភូមិកំពង់ស្វាយ ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ក្រោមការអញ្ជើញចូលរូមពី៖
លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប
ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។
សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ ថា៖ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ ទៅលើការអប់រំដល់បុត្រធីតារបស់លោកអ្នក ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀត របស់អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុង ខែ កក្កដា ឆ្នាំ២០០៩ មាន ទីតាំងសរុប ចំនួន ១២ទីតាំង ដែលមាន ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ ១ទីតាំងនៅក្រុងតាខ្មៅ ១ទីតាំងខេត្តព្រះសីហនុ ១ទីតាំងខេត្តបាត់ដំបង ១ទីតាំងខេត្តបន្ទាយមានជ័យ និង ១ទីតាំង ក្រុងប៉ោយប៉ែត ។
សាលារៀនសុវណ្ណភូមិ មានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយគុណភាព ជូនដល់សិស្សានុសិស្សគ្រប់ មជ្ឍដ្ឋានទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្ម សំខាន់ៗចំនួន ៤ដូចខាងក្រោម៖
១. ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីឲ្យសិស្សមានការអភិវឌ្ឍន៍ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២. ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សានុសិស្សមានការ រីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន។
៤. ផ្តល់នូវសំភារៈឧបន្ទេសគ្រប់គ្រាន់ សំភារៈឧបន្ទេសទាំងអស់ ត្រូវបានធានាឲ្យមានទៅតាមកម្រិតសិក្សា និមួយៗ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់សិស្សមានការ រីកចម្រើន៕
លោក ឃឹម ផុន បានបន្តទៀតថា៖ ការសម្រេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ គ្រប់លំដាប់ថ្នាក់ លោកគ្រូ/អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុង សហគមន៍ទាំងមូល។
ជាលទ្ធផល ត្រឹមការសិក្សាឆ្នាំ ២០១១ ២០១២ មកនេះ សាលារៀនសុវណ្ណភូមិបានប្រមូលសិស្សឲ្យចូលសិក្សា ជាងពីរម៉ឺននាក់ ក្នុងចំណោម ១២ទីតាំង។ ដោយសារមានការទទួលស្គាល់នូវគុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗបន្ថែមទៀតនាឆ្នាំសិក្សា ២០១២ ២០១៣ ខាងមុខនេះ ទាំងនៅក្នុងទីក្រងភ្នំពេញ និងនៅតាមទីរួមខេត្តសំខាន់ៗមួយចំនួនទៀត។
ការពង្រឹងវិសាលភាពសេវាកម្មអបរំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សា ដែលពួកគេចាំបាច់ត្រូវទទួលបាននូវការអប់រំមួយ ប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដោយមានក្រសួងអប់រំយុវជននិងកីឡា និងមន្ទីរ អប់រំយុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់។

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថាក្នុងឱកាសនោះថា៖ ការបើកឲ្យ ដំណើរការនូវសាលារៀនសុវណ្ណភូមិ ទីតាំងទី១១(ខេត្តបន្ទាយមានជ័យ) នេះគោលបំណងនាំមកនូវសេវាកម្មអប់រំប្រកប ដោយគុណភាពរបស់សាលារៀនសុវណ្ណភូមិ ដែលធ្លាប់ទទួលស្គាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្សកន្លងមក មកជួនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀតដើម្បី ផ្តល់នូវទីផ្សារការងារដល់យុវជនជំនាន់ក្រោយនៅទីនេះ មានឱកាសបានទទួលការងារក្នុងវិស័យអប់រំ រឺ ជំនាញ ណាមួយដែលពួកគេបានសិក្សាកន្លងមក។ ជាពិសេសដើម្បីចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ០៤ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងនាម ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្រប់លំដាប់ថ្នាក់នៅសាលារៀនសុវណ្ណភូមិ រូបខ្ញុំផ្ទាល់ ខ្ញុំសូម សន្យាថា និងខិតខំប្រឹងប្រែងឲ្យអស់កំលាំងកាយចិត្ត និងប្រាជ្ញា ក្នុងការនាំមកនូវចំណេះដឹង ប្រកបដោយគុណភាពដល់ប្អូនៗ និងក្មួយៗ សិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនសុវណ្ណភូមិ អោយក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលបានអនាគតភ្លឺថ្លា ត្រចេះត្រចង់ សម្រាប់គ្រួសារ និងប្រទេសជាតិ៕

No comments: