ពិធីប្រគល់វិញ្ញាបនបត្រ និងលិខិតសរសើរសិស្សពូកែប្រចាំឆ្នាំ២០១១-២០១២



នៅព្រឹក​ ថ្ងៃទី២២  ខែកញ្ញា ឆ្នាំ២០១២  សាលារៀនប្រ៊ីជតុន​ទី បានរៀបចំ​ពិធីប្រគល់វិញ្ញាបនបត្រ និងលិខិតសរសើរ​​ ដល់សិស្សានុសិស្សចំណេះទូទៅខ្មែរ ​និង​អង់គ្លេស​ ក្រោមអធិបតីភាព​ ​ លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្ត NTC​​​ Group និង លោកស្រី សេង សុខវណ្ណារា នាយិកាសាលារៀនប្រ៊ីជតុន ។​​ នៅក្នុងពិធីនោះ​ដែរ ក៏មានការចូលរួមពីសំណាក់ គណៈគ្រប់គ្រង NTC Group, លោកនាយក នាយករង-នាយិការងនៃសាលា រៀនប្រ៊ីជ តុន ព្រមទាំង លោកគ្រូ-អ្នកគ្រូ និងលោក-លោកស្រី ដែលជាមាតាបិតាអាណាព្យាបាលសិស្ស ​ព្រមទាំងប្អូនសិស្សានុសិស្ស យ៉ាង ច្រើន​​កុះករ។
ក្នុងឱកាសនោះដែរ លោក ឃឹម ផុន​ នាយកប្រតិបត្តិ​នៃ​ អ៊ិន ធី ស៊ីគ្រុបបានមាន ប្រសាសនថា៖
សាលារៀនប៊្រីជតុន គឺជាស្ថាប័នអប់រំមួយរបស់ អ៊ិន​ ធី​ ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយមាន ៤ទីតាំងក្នុងរាជធានីភ្នំពេញ (ទីតាំទី១ ទួលទំពូង ទី២ បឹងត្របែក ទី៣ ដេអិន និង​ទី៤ ស្ទឹងមានជ័យ)។ ចក្ខុវិស័យ​របស់សាលារៀនប្រ៊ីជតុន​ គឺ ផ្តល់ការអប់រំដែលមានគុណភាព ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែក​ចំណោះទូទៅខ្មែរ និងភាសាអង់គ្លេស។​ ការសម្រេចបាននូវចក្ខុវិស័យរបស់សាលារៀនប៊្រីជតុនកើតចេញពីការខិតខំប្រឹងប្រែង ទាំងកំលាំងកាយចិត្ត និងប្រាជ្ញា របស់គណៈគ្រប់គ្រងសាលាគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក​ និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សផងដែរ។ ជាលទ្ធផលត្រឹមឆ្នាំសិក្សា ២០១១-២០១២ កន្លងមកនេះ សាលារៀនប្រ៊ីជតុន បានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុបជាង​ ៦ពាន់នាក់ ក្នុងចំណោម ៤ទីតាំង។ សមិទ្ធផលទាំងអស់នេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនប្រ៊ីជតុន លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិន ធី ស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវអនុសាសន៍ល្អៗ   ជាច្រើនក្នុងការរៀបចំផែនការ អភិវឌ្ឍន៍សាលារៀនប្រ៊ីជតុន។
ក្នុងរបាយការណ៍សង្ខេបរបស់​ លោកស្រី​ សេង សុខវណ្ណារា  នាយិកាសាលារៀនប្រ៊ីជតុន បានឲដឹងថា ​សាលារៀនប្រ៊ីជតុន បាននិងកំពុងបណ្តុះបណ្តាល សិស្សានុសិស្ស ទាំងថ្នាក់ចំណេះទូទៅខ្មែរ  ពីថ្នាក់មត្តេយ្យ  ដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេស ពីកម្រិតមត្តេយ្យ ដល់កម្រិតមធ្យម  ចំនួន​ 810 នាក់ ហើយនៅក្នុងឆ្នាំសិក្សានេះមាន   ប្អូនៗសិស្សានុសិស្ស ចំនួន 1០8នាក់ ដែលទទួល បានលទ្ធផលល្អក្នុងការរៀនសូត្រ នឹងទទួលបាននូវលិខិតសរសើរ ពីសាលា ក្នុងនោះមានសិស្សានុសិស្សចំណេះទូទៅភាសាខ្មែរចំនួន 18នាក់ និងសិស្សានុសិស្សភាសាអង់គ្លេស ចំនួន​ 90នាក់ ។ 
លោកស្រីបានថ្លែងបន្តថា សមិទ្ធផល ដ៏ល្អនេះគឺ បានមកពីការខិតខំប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់សិក្សា រៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស  និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្រៀនពីសំណាក់​​ លោកគ្រូ-អ្នកគ្រូ ជាមួយនិងការចូលរួម ពីសំណាក់ លោក-លោកស្រី ដែលជាមាតាបិតា ឬអាណាព្យាបាលសិស្សដែលតែងតែជួយជំរុញ បន្ថែមនៅផ្ទះទើបយើងទទួលបានលិទ្ធផលដូចថ្ងៃនេះ។  ជាការពិតណាស់ការសិក្សារៀនសូត្ររបស់ប្អូនៗ សិស្សានុសិស្ស គឺមិនមែនពឹងផ្អែកទាំងស្រុងទៅ លើសាលារៀន តែមួយមុខនោះទេ លុះណាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាពិសេសគឺ ការចូលរួមពីសំណាក់ លោក-លោកស្រី ដែល មាតាបិតាអាណាព្យាបាលសិស្សដែលជាផ្នែកមួយ ដ៏សំខាន់ក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលជាបុត្រធីតា របស់លោកអ្នកអោយពួកគេ ខិតខំរៀនសូត្រដើម្បីទទួលបាននូវលទ្ធផល ល្អ ហើយនេះជាគោលបំណងដ៏សំខាន់របស់លោក-លោកស្រី ជាមាតាបិតា  ឬអាណាព្យាបាល គ្រប់រូបប្រាថ្នាចង់បាន។
នៅក្នុងពិធីដ៏សប្បាយរីករាយនេះប្អូនស្រី ឡុង សុធារី ជាសិស្សឆ្នើម ប្អូនមានចិត្តសប្បាយ រីករាយយ៉ាងខ្លាំង  ប្អូនសូមថ្លែងនូវអំណរអរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំ បង្រៀន ព្រមទាំងអប់រំ ណែរនាំប្រៀនប្រដៅប្អូន ជាពិសេសលោកឪពុក-អ្នកម្តាយ ព្រមទាំងក្រុម គ្រូសាររបស់​ប្អូនទាំងអស់ដែលតែងតែជំរុញ  និងលើកទឹកចិត្តប្អូនអោយខិតខំរៀន សូត្ររហូតទទួបាននូវលទ្ធិផលដូចថ្ងៃនេះ។ 
សូមបញ្ជាក់ថា សាលារៀនប្រ៊ីជតុន​  គឺជាសាលារៀនចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសឯកជនក្នុងស្រុកមួយដែលមាន ការ ទទួលស្គាល់ពីក្រសួងអប់រំ យុវជន ​និងកីឡា  ហើយមុខវិជ្ជាសំរាប់ កម្មវិធីចំណេះទូទៅខ្មែរ គឺស្របតាមកម្មវិធីរបស់ក្រសួង អប់រំ យុវជន និងកីឡា ដែលមានបញ្ចូលភាសាអង់គ្លេស និងកុំព្យូទ័រ។   ហើយកម្មវិធី
ភាសាអង់គ្លេសវិញ​​​ត្រូវបានរៀបចំឡើងតាមបទដ្ឋានអប់រំអាមេរិកាំង ដោយធ្វើការហ្វឹកហាត់លើជំនាញទាំង៤គឺ ការនិយាយ  ការស្តាប់  ការសរសេរ និងការអាន។ ទន្ទឹមនឹងនេះផងដែរ សាលារៀនប្រ៊ីជតុន  មានបន្ថែមនូវ ស្វ័យសិក្សាក្នុងបណ្ណាល័យការសិក្សាតាមអ៊ិនធឺណែតកម្មវិធីអប់រំកាយ និងកីឡា,កម្មវិធីសិល្បៈ,គំនូរ,ដំណើរកំសាន្តសម្រាប់ថ្នាក់ចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស។  សំរាប់កម្មវិធី មត្តេយ្យខ្មែរ  និងអង់គ្លេស ត្រូវបានបែងចែកជាបីកម្រិតគឺ  កម្រិតទាបសំរាប់កុមារ អាយុ៣ឆ្នាំ  កម្រិតមធ្យមសំរាប់កុមារអាយុ៤ឆ្នាំ  និងកម្រិតខ្ពស់សំរាប់កុមារ អាយុ៥ឆ្នាំ។ ថ្នាក់មត្តេយ្យសិក្សាត្រូវបានរៀបចំ និងតុបតែងប្រកបដោយ  ភាពទាក់ទាញ  និងសុវត្ថិភាពខ្ពស់បំផុតសំរាប់កុមារ។
ក្នុងកម្មវិធីអប់រំភាសាអង់គ្លេស​ សាលាបានតម្រូវអោយសិស្ស និងគ្រូទំនាក់ទំនងគ្នាជា​​ ភាសាអង់គ្លេស អោយបាន ច្រើនបំផុត  ដើម្បីបង្កើតបរិយាកាស នៃការប្រើប្រាស់ភាសា អង់គ្លេសអោយបានច្រើន។  ការហ្វឹកហាត់ភាសាអង់គ្លេសជាមួយគ្រូជន ជាតិបរទេស ការសិក្សាតាមវីដេអូ និងការហ្វឹកហាត់និយាយជាមួយកុំព្យូទ័រ  ក៏ជាកត្តាសំខាន់ ដើម្បីបង្កើនជំនាញភាសាអង់គ្លេសរបស់សិស្សផងដែរ។