ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ សាលារៀនសុវណ្ណភូមិ ទីតាំងទី១៣ ផ្សារតូច



កាលពីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ ទីតាំងទី១៣ (ផ្សារតូច) បានប្រារព្ធពិធីសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី របស់ខ្លួនដែលមានទីតាំង ផ្ទះលេខ ២៣៦៦ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមការអញ្ជើញចូលរូមពី៖

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប
លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប

ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។ សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប ដែលផ្តល់ជូននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។ ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប មានប្រសាសន៍ ថា៖ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ ទៅលើការអប់រំ ដល់បុត្រធីតារបស់លោកអ្នក ដែលមានសាលារៀនសុវណ្ណភូមិដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រត្តិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នផ្សេងទៀតរបស់ អ៊ិន ធី ស៊ីគ្រុប ដែលបានបង្កើតឡើងក្នុង ខែ កក្កដា ឆ្នាំ២០០៩ ក្នុងកោលបំណងសំខាន់ៗ៣គឺ៖
១- រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្រោមកិច្ចសហប្រត្តិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។
២- ចែករំលែកបទពិសោធន៍ និងចំណោះដឹងផ្នែកអប់រំ ជូនដល់ប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
៣- បង្កើតទីផ្សារការងារបន្ថែម ជូនដល់បុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត ឲ្យពួកគាត់មានឱកាសការងារជាមួយសាលារៀនសុវណ្ណភូមិ។

សាលារៀនសុវណ្ណភូមិ មានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយស្តង់ដាខ្ពស់ ជូនដល់សិស្សានុសិស្សគ្រប់ មជ្ឈដ្ឋានទាំងអស់ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។
ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្ម សំខាន់ៗចំនួន ៤ដូចខាងក្រោម៖
១. ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីឲ្យសិស្សមានការអភិវឌ្ឍន៍ លើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។
២. ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យសិស្សានុសិស្សមានការ រីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។
៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន។
៤. ផ្តល់នូវសម្ភារឧបទេសគ្រប់គ្រាន់ សម្ភារឧបទេសទាំងអស់ ត្រូវបានធានាឲ្យមានទៅតាមកម្រិតសិក្សា និមួយៗ ធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់សិស្ស មានការ រីកចម្រើន៕

លោក ឃឹម ផុន បានបន្តទៀតថា៖ ការសម្រេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ គ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុង សហគមន៍ទាំងមូល។
ជាលទ្ធផល ត្រឹមការសិក្សាឆ្នាំ ២០១១-២០១២ កន្លងមកនេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបមានចំនួន ១៤ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួន សរុបជាង១០លាន ដុល្លាអាមេរិក និងប្រមូលសិស្សឲ្យចូលសិក្សា ជាងពីរម៉ឺន ប្រាំពាន់ នាក់ ក្នុងចំណោម ១៤ទីតាំង និងបុគ្គលិកសរុប ចំនួន ១០០០នាក់។ ដោយសារមានការទទួលស្គាល់នូវ គុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស អំពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗ សិស្សានុសិស្សគ្រប់ មជ្ឈដ្ឋាន។ ហេតុដូច្នេះហើយ គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងសិក្សា ទៅលើការពង្រីកទីតាំងថ្មីៗ បន្ថែមទៀតនាឆ្នាំសិក្សា ២០១២-២០១៣ ខាងមុខនេះ រួមមាន៖ ទួលគោក ស្ទឹងមានជ័យ ច្បារអំពៅ ពោធិចិនតុង និងខេត្តសៀមរាប។
សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ដែលមានលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប ជាអ្នកដឹកនាំ និងបានផ្តល់ នូវអនុសាសន៍ល្អៗ ជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍសាលារៀន សុវណ្ណភូមិ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ដោយបានបង្កើត ជាមូលនិធិសាលារៀនសុវណ្ណភូមិ ក្នុងគោលបំណងដើម្បីកៀរគរ និងប្រមែប្រមូលយក ថវិការទៅ ជួយសម្រាលដល់ក្រុមគ្រួសាររងគ្រោះចំនួន១៣គ្រួសារ ក្នុងនោះ១១គ្រួសារជាគ្រួសាររបស់សិស្ស សាលារៀនសុវណ្ណភូមិ ទីតាំង ផ្សារតូច និង២គ្រួសារទៀតជាគ្រួសាររបស់បុគ្គលិកបម្រើការងារនៅ សាលារៀនសុវណ្ណភូមិទីតាំងបាក់ទូក និងទីតាំងទេពផន ដែលបានទទួលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះសម្បែងនៅម្តុំទឹកថ្លា និងម្តុំផ្សារទួលសង្កែ កាលពីពេលកន្លងទៅនេះ។ ថវិការដែលប្រមូលបានសរុបមានចំនួន ,៥៥០,០០០រៀល (បួនលានហាសិបប្រាំម៉ឺនរៀល) ដោយក្នុងមួយគ្រួសារទទួលបាន ៣៥០,០០០រៀល ទោះបីជាទឹកប្រាក់ដែលទទួលមានចំនួនតិចតួច ប៉ុន្តែនេះគឺជាសកម្មភាពចូលរួមចែករំលែក ទុក្ខលំបាក ទៅដល់គ្រួសារដែលរងគ្រោះ និងទុកជាគំរូល្អដល់ប្អូនៗសិស្សានុសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ ឲ្យមានវប្បធម៌ ចេះជួយគ្នានៅពេលមានគ្រាអាសន្ន។

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានថ្លែងសុន្ទរកថាក្នុងឱកាសនោះថា៖ ការបើកឲ្យ ដំណើរការនូវសាលារៀនសុវណ្ណភូមិ ទីតាំងទី១៣(ផ្សារតូច) នេះគោលបំណងនាំមកនូវ សេវាកម្មអប់រំប្រកប ដោយគុណភាពរបស់ សាលារៀនសុវណ្ណភូមិ ដែលធ្លាប់ទទួលស្គាល់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមាតាបិតា អាណាព្យាបាលសិស្សកន្លងមក មកជូនដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលជាបុត្រធីតារបស់លោក លោកស្រីនៅទីនេះ។ លើសពីនេះទៅទៀតដើម្បី ផ្តល់នូវទីផ្សារការងារដល់យុវជនជំនាន់ក្រោយនៅទីនេះ មានឱកាសបានទទួលការងារក្នុងវិស័យអប់រំ រឺ ជំនាញ ណាមួយដែលពួកគេបានសិក្សាកន្លងមក។ ជាពិសេសដើម្បីចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ០៤ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ក្នុងនាម ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកកគ្រប់លំដាប់ថ្នាក់នៅសាលារៀនសុវណ្ណភូមិ រូបខ្ញុំផ្ទាល់ ខ្ញុំសូម សន្យាថា និងខិតខំប្រឹង ប្រែងឲ្យអស់កំលាំងកាយចិត្ត និងប្រាជ្ញា ក្នុងការនាំមកនូវចំណេះដឹង ប្រកបដោយគុណភាព ដល់ប្អូនៗ និងក្មួយៗ សិស្សានុសិស្សទាំងអស់ដែលសិក្សានៅសាលារៀនសុវណ្ណភូមិ អោយក្លាយ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងទទួលបានអនាគតភ្លឺថ្លា ត្រចះត្រចង់ សម្រាប់គ្រួសារ និងប្រទេសជាតិ៕

No comments: