សាលារៀនសុវណ្ណភូមិនិងសាលារៀនប្រ៊ីជតុនបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម


រាជធានីភ្នំពេញ ៖ ការ​ជួយ​សង្គ្រោះ​ជីវិត​​​មនុស្ស​គឺ​ជា​រឿង​មួយ​សំខាន់​​ខ្លាំង​ណាស់​​ ជា​ពិសេសនៅ​ពេល​ជួប​​គ្រោះ​អាសន្ន​​​ដែល​បាន​កើត​ឡើង​ភ្លាម​​​ៗ​ហើយ​មិន​អាច ​​បញ្ជូន​មនុស្ស​​នៅ​កាន់​មន្ទីរពេទ្យ​បាន​ទាន់​​ពេល​វេលា​​​ ។ ដូច្នេះ​ហើយ​​​បាន​ជា​សាលា​រៀន​​​សុវណ្ណ​ភូមិ និង​សាលា​​​រៀន​​ប្រ៊ីជ​ស្តុន​ កាល​ពី​ថ្ងៃទី​​២៤ តុលា ​កន្លង​មក​នេះ​​បាន​បើក​វគ្គបណ្តុះ​បណ្តាល​​ការ​ជួយ​​សង្គ្រោះ​​បឋម​​​ចំនួន ​២​ថ្ងៃ​​​ ដល់​នាយក​ក៏​ដូច​ជា​​គណៈ​គ្រប់​គ្រង​​​សាលា​ ។ វគ្គបណ្តុះ​បណ្តាល​​នេះ​បាន​ការ​អញ្ជើញ​ចូល​រួម​​ធ្វើ​ជា​​​គ្រូ​បង្គោល​​ ដោយ​​លោក​អុប ពុទ្ធា និង​លោក​កែវ រតនៈ​​ មក​ពី​​​កាក​បាទ​ក្រហម​កម្ពុជា ។

លោក​​ ឃឹម​​ ផុន​​ នាយក​ប្រតិបត្តិ​​អិុន​ធីស៊ី​គ្រុប បាន​មាន​ប្រសាសន៍​ថា វិជ្ជា​​សង្គ្រោះ​​បឋម​​គឺ​ជា​មធ្យោបាយ​​មួយ​ដែល​មាន​​សារ​សំខាន់​បំផុត​​​ និង​មាន​ប្រសិទ្ធ​ភា​ព​ខ្ពស់​​​ក្នុង​ការ​​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស​នៅ​ ពេល​​មាន​គ្រោះ​​អា​សន្ន​​កើត ឡើង​ ។ ពិសេស​​​ជាង​នេះ​ទៅ​ទៀត​​នោះ​គឺ​​​​ធានា​បាន​​នូវ​សុខ​ភាព​​​ និង​សុវត្ថិ​ភាព​​នៅ​ក្នុង​​គ្រួសារ​​​​ នៅ​កន្លែង​​ធ្វើការ​ និង​នៅ​ក្នុង​សហ​គមន៍​​ទាំង​មូល ។ ដើម្បី​​រក្សា​​បាន​នូវ​​​​សុខ​ភាព​​​ល្អ និង​សុវត្ថិ​ភាព​​​ជូន​ដល់​​បុគ្គលិក​​​ លោក​គ្រូ អ្នក​គ្រូ​ និង​សិស្សានុសិស្ស​​ទាំង​អស់​​​របស់​សាលា​រៀន​​​សុវណ្ណ​ភូមិ​ និង​សាលា​រៀន​ប្រ៊ីជស្តុន​ គណៈ​គ្រប់​គ្រង​​សាលា​​បានរៀប​ចំឱ្យ​មាន​​វគ្គ​បណ្តុះ​បណ្តាល​​នេះ​ឡើង ​ក្នុង​គោល​បំណង​​​ចែក​រំលែក​​​ចំណេះ​ដឹង​​ និង​ជំនាញ​​នេះ​បន្ត​ដល់​បុគ្គលិក​​ លោក​គ្រូ ​អ្នក​គ្រូ ក៏​ដូច​ជា​សិស្សា​នុសិស្ស​​​ឱ្យ​បាន​​ចេះ​ដឹង​នូវ​វិធី​សាស្ត្រ​​​ក្នុង​ការ ​​ជួយ​សង្គ្រោះ​​ជីវិត​​​​មនុស្ស​​នៅពេល​មាន​គ្រោះ​​​អាសន្ន​​កើត​ឡើង ។

លោក​បាន​សំណូម​ពរ​​​ដល់​សិក្ខាកាម​​​ទាំង​អស់​​សូម​ ចូល​រួម​​​ឱ្យ​បាន​សកម្ម​​ជា​មួយ​​​គ្រូ​បង្គោល​​ និង​​ត្រូវ​​ខិត​ខំ​​​ក្រេបយ​ក​​​ចំណេះដឹង​​​ទាំង​នេះ​ ដើម្បី​​ក្លាយ​ខ្លួន​​ជា​អ្នក​សង្គ្រោះ​​បឋម​​​ដ៏​ឆ្នើម​​​មួយ​រូប​ និងមាន​​សមត្ថ​ភាព​​​​គ្រប់​គ្រាន់​​ក្នុង​ការ​បណ្តុះ​បណ្តាល​​បន្ត​ដល់​ បុគ្គលិក​ផ្សេង​ៗ​​ទៀត​ ។​ លោក​សង្ឃឹម​​​ថា វគ្គ​បណ្តុះ​បណ្តាល​​នេះ​ថ្វី​ត្បិត​​តែ​មាន​​រយៈ​ពេល​តែ​២​ថ្ងៃ​​​មែន​ តែ​​វា​អាច​ដំណើរ​ការ​​​​ទៅ​យ៉ាង​រលូន​​ល្អ​ និង​​​ទទួល​បាន​លទ្ធផល​​​ជា​ផ្លែ​ផ្កា​​មិន​ខាន​ឡើយ​ ៕

No comments: