អ៊ិន ធី ស៊ីគ្រុប ប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១២ និងលើកទិសដៅការងារឆ្នាំ២០១៣





នាព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធ រួមមាន សាសាញូវតុនធីឡាយ សាលាអន្តរជាតិអ៊ិសវ៉េស សាលារៀនប្រ៊ីជតុន សាលាអាមេរិកាំង ប៉ាស៊ីហ្វិក មជ្ឈមណ្ឌល បណ្តុះបណ្តាល សុវណ្ណភូមិ សាលារៀនសុវណ្ណភូមិ សាលាអន្តរជាតិចិន អាមេរិកាំង បានប្រារព្ធពិធីប្រជុំបូកសរុប ការងារប្រចាំ ឆ្នាំ២០១២ និងលើកទិសដៅការងារ បន្តឆ្នាំ ២០១៣។

លោក ឃឹម ផុន នាយកប្រតិបតិ្ត មានប្រសាសន៍ថា នៅត្រឹមឆ្នាំ២០១២ ប្រតិបត្តិការលើ សេវាអប់រំ អ៊ិន ធី ស៊ីគ្រុបមានស្ថិតិដូចជា សាលា ញូវតុនធីឡាយ មាន ១៨សាខា ដែលប្រតិបត្តិការ ៨សាខា ក្នុងរាជធានីភ្នំពេញ និង១០សាខា តាមបណ្តាខេត្ត មានសិស្ស សរុបចំនួន ១៦០៦១នាក់ និងបុគ្គលិកសរុប ៧៦២នាក់ ។ សាលាអន្តរជាតិអ៊ិសវ៉េស មាន ១ទីតាំងក្នុងរាជធានីភ្នំពេញ មានសិស្សសរុបចំនួន ៣៥០នាក់ និងបុគ្គលិកសរុប ៧៣នាក់ ។
សាលារៀន ប្រ៊ីជតុន មាន ៤ទីតាំង ក្នុងរាជធានីភ្នំពេញ និងមានសិស្សសរុបចំនួន ៤០០៨នាក់ និងបុគ្គលិក ចំនួន ១៩៤នាក់។ សាលារៀន សុវណ្ណភូមិ មានសិស្សានុសិស្ស សរុបចំនួន ជាង២៧០០០ និងបុគ្គលិកសរុបចំនួនជាង ១២០០ នាក់។ សាលាអាមេរិកាំង ប៉ាស៊ីហ្វិច និងសាលាអន្តរជាតិ ចិនអាមេរិកាំង មាន១ទីតាំងក្នុង រាជធានីភ្នំពេញ និងមានសិស្ស សរុបចំនួន ៤៥១នាក់ និងបុគ្គលិក សរុបចំនួន ៥២នាក់។ ដោយសារមានការ គាំទ្រពី សំណាក់មាតាបិតា និងអាណាព្យាលសិស្ស អ៊ិន ធី ស៊ីគ្រុប បាននិងកំពុងសិក្សា បន្ថែមទៅលើការពង្រីក ទីតាំងសាលារៀន សុវណ្ណភូមិបន្ថែម ចំនួន ៤ តំបន់ទៀតគឺ ស្ថិតនៅតំបន់ ពោធិចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។

សមិទ្ធិផលដ៏ត្រចេះត្រចង់   នាពេលនេះ គឺជាមោទនភាពរបស់ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ របស់ អ៊ិន ធី ស៊ីគ្រុប ដែលមានលោក ជា ធីឡាយ ជាអគ្គនាយក លោកបានផ្តល់ នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗជាច្រើន ក្នុងការរៀបចំផែនកា អភិវឌ្ឍគ្រប់សាលារៀនទាំងអស់ ជាពិសេសបាន រួមចំណែក ក្នុងសកម្មភាពសង្គម និងសកម្មភាព មនុស្សធម៌ផ្សេងៗ ។

លោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប បានមានប្រសាសន៍ នាឱកាសនោះថា អ៊ិន ធី ស៊ីគ្រុប របស់យើងក៏កំពុងតែពង្រីក និងពង្រឹងទៅលើ គុណភាពអប់រំ ដែលសាលាយើង មានស្រាប់ និងសាលាថ្មីដែល ទើបតែបើកក្នុងពេលថ្មីៗ កន្លងមកនេះព្រមទាំង សាលាថ្មីៗ ដែលកំពុង សាងសង់ ហើយគ្រោង និងបើកដំណើរការ ក្នុងពេលឆាប់ៗនេះ ប្រកបទៅដោយ សោភ័ណភាព គុណភាព និងនិរន្តរភាព សក្តិសមជាកន្លែងអប់រំ ដែលជាក្តីសង្ឃឹម របស់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងសង្គមជាតិទាំងមូល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបាន បន្តទៀតថា ផែនការបន្ត សម្រាប់ឆ្នាំ ២០១៣ របស់លោកនាយក ប្រតិបត្តិ ថ្នាក់ដឹកនាំ លោកគ្រូ- អ្នកគ្រូ និងបុគ្គលិកគ្រប់ សេវាកម្មទាំងអស់ ពិតជាមានអត្ថន័យ យ៉ាងសំខាន់ ហើយស្របតាម គម្រោងលើក កម្ពស់គុណភាពអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានគោលដៅ ពង្រឹងគុណភាព នៃការអប់រំនៅតាម សាលារៀន ដោយផ្តោតលើការ គាំទ្រយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍ និងគ្រប់គ្រង ប្រព័ន្ធអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្រៀន និងការពង្រឹង សមត្ថភាព អប់រំជាចម្បង ដែលអាចឆ្លើយតបនូវ តម្រូវការរបស់ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សិស្ស និង សង្គមជាតិទាំងមូល នៅក្នុងព្រះរាជា ណាចក្រកម្ពុជា៕

No comments: