ពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅសាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ




សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា
នៅសាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រី
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអ៊ិនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ ព្រមទាំងប្អូនៗសិស្សានុសិស្ស​ទាំងអស់​ ក្នុងពិធីប្រលងប្រកបពាក្យជាភាសាអង់គ្លេស និង ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សានាពេលនេះ។ ក្នុងនាមអ៊ិនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ​ការកោត​សរសើរចំពោះគណគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅទីនេះ​ ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារកន្លងមក និងក៍សូមចូលរួម​អបអរសាទរជាមួយ ប្អូនៗក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​បាន​​ទទួល​ជោគជ័យ នៅឪកាសនេះ។​ ការសំរេចបាន​នូវ​​លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ខិតខំប្រឹងប្រែងរបស់ គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗ ក្មួយៗដោយខ្លួន ឯងផ្ទាល់ និងដោយមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​

ឯកឧត្តម លោកជំទាវ​ លោក​​-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ការអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។​  ដូចនេះហើយ ទើបអ៊ិនធីស៊ីគ្រុបបានចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ដោយបាន​បង្កើត​នូវសេវាកម្មអប់រំជាច្រើន​ ក្នុងនោះសាលារៀនសុវណ្ណភូមិបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតនៅក្នុងឳកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់​សូមយកចិត្ត​​ ទុកដាក់​សិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេងឬសេពគប់មិត្តភ័ក្តិ ដែលនាំឲ្យខ្លួន​ប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗ និងជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ​-អ្នកគ្រូ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែង អំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់​ដែលតែងតែ​បានគាំទ្រ និងផ្តល់ទំនុកចិត្តដល់សេវាកម្ម​អប់រំរបស់សាលា​យើងខ្ញុំកន្លងមក។ យើងខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែង​ផ្តល់ការអប់រំ ដល់ប្អូនៗ​ក្មួយៗ​សិស្សានុសិស្សទាំងអស់ ឲ្យទទួលបាននូវចំណេះដឹងពិតប្រាកដ និងក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ សំរាប់ខ្លួនឯង​ គ្រួសារ និងប្រទេសជាតិ។
ជាទីបញ្ចប់! ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយស្នាដៃ និងសមិទ្ធិផល ដែលថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស សំរេចបាននៅពេលនេះ។ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ​ លោក លោកស្រី គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួមក្នុងពិធីនេះ។​ សូមគោរពជូនពរឯកឧត្តម លោកជំទាវ​ លោក លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងប្អូនៗ​ក្មួយៗសិស្សានុសិស្សជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។៕​

សូមអរគុណ!

No comments: