ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនប្រ៊ីជតុន​​ ទីតាំងស្ទឹងមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣



សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនប្រ៊ីជតុន​​
ទីតាំងស្ទឹងមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនប្រ៊ីជតុន លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។

ស្ថិតនៅក្នុងបរិយាកាសសោមនស្សរីករាយ​​​ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣ -២០១៤ នៅសាលារៀនប្រ៊ីជតុន ទីតាំងស្ទឹងមានជ័យនាឪកាសនេះ តំាងនាមគណគ្រប់គ្រង សាលារៀនប្រ៊ីជតុននិងខ្លួនខ្ញុំផ្ទាល់ មានមោទនភាពយ៉ាងខ្លាំងដោយឃើញវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្ស ទាំងដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមក្នុងពិធីនេះ។
          វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀន ប្រ៊ីជតុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា។
          ការងារអប់រំគឺការងារសំរាប់យើងទាំងអស់គ្នា​ ថ្វីបើមានសាលារៀនប្រ៊ីជតុនមានតួនាទី​សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប៉ុន្តែទាមទារអោយមានការចូលរួម ការទំនាក់ទំនងល្អ និងការសហការណ៏គ្នាយ៉ាងស្អិតរមួតរវាងសាលារៀន មាតាបិតាសិស្ស និងសហគមន៏ទាំងមូល ទើបធានាបាននូវគុណភាពនៃការអប់រំមួយដ៏ប្រសើរ។ ​ជាក់ស្តែងការជួបជុំគ្នាថ្ងៃនេះគឺការពង្រឹងនូវទំនាក់ទំនងល្អរវាងសាលារៀនជាមួយមាតាបិតាសិស្សសំរាប់ឆ្នាំសិក្សាថ្មី២០១៣-២០១៤ក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្សមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
          មកទល់នឹងពេលនេះ សាលារៀនប្រ៊ីជតុន មានអាយុកាលជាង៦ឆ្នាំមកហើយ ក្នុងការរួមចំណែកអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា​ ដោយមានទីតាំងចំនួន៤នៅក្នុង រាជធានីភ្នំពេញគឺនៅទួលទំពូង បឹងត្របែក ដេអិន និងស្ទឹងមានជ័យ​​ ហើយបានប្រមូល សិស្សអោយចូលសិក្សាសរុបជាង​៥ពាន់នាក់ និងបុគ្គលិកសរុបជាង២០០នាក់។​ ចក្ខុវិស័យរបស់សាលារៀនប្រ៊ីជតុនគឺផ្តល់នូវការអប់រំប្រកបដោយគុណភាព ជូនដល់សិស្សា​នុសិស្សគ្រប់មជ្ឈដ្ឋាន ផែ្នកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យដល់ថ្នាក់ទី១២ និងភាសាអង់គ្លេស ទូទៅចាប់ពីមត្តេយ្យដល់មធ្យមសិក្សា។​
          ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួម អបអរសារទរក្នុងឪកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤នាពេលនេះ។ ជួសមុខអោយគណៈគ្រប់ គ្រងសាលារៀនប្រ៊ីជតុន សូមថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស និងសូមប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តម លោកជំទាវ លោក-លោកថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច​ និងសូមជូនពរ អោយប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគ ជ័យ​ក្នុងការសិក្សាឆ្នាំថ្មីនេះ៕
សូមអរគុណ!
         


No comments: