ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនសុវណ្ណភូមិ​​ ទីតាំងក្រុងតាខ្មៅខេត្តកណ្តាល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣



សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនសុវណ្ណភូមិ​​
ទីតាំងក្រុងតាខ្មៅខេត្តកណ្តាល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
           
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ ជាមួយឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្សនៅសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាលនាឪកាសនេះ។
          វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ​ នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាពមិនចេះអក្សរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
          ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញនូវជីវប្រវត្តិរបស់សាលារៀនសុវណ្ណភូមិជូនជ្រាបដូចខាងក្រោមៈ
សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយ ក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់ អ៊ិន​ ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ³
-រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា។
-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
-បង្កើតទីផ្សារការងារបន្ថែម ជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត អោយពួកគាត់មានឪកាសការងារ ជាមួយសាលារៀនសុវណ្ណភូមិ។
          ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសំរេចអោយបាន​ គុណភាពនៃការអប់រំមួយដ៏ល្អបំផុត ទាំងផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស។ ដើម្បីសំរេចបានចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិ​បានកំណត់នូវបេសកកម្មសំខាន់ៗចំនួន៤ដូចតទៅៈ
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ធ្វើអោយសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេង។
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ឋិផល និងស្នាដៃផ្សេងៗដែលពួកគេសំរេចបាន។
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ សំភារៈឧបទ្ទេសទាំងអស់ ត្រូវបានធានាអោយមានទៅតាមកំរិតសិក្សានិមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្ស មានភាពរីកចំរើន     ជានិច្ច។
          ការសំរេចបាននូវចក្ខុវិស័យ របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស។
          ជាលទ្ឋផលត្រឹមឆ្នាំ២០១៣នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង​ ១០លាន ដុល្លា ដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញ និង៥ទីតាំងទៀតនៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុបជាង ៣០,០០០នាក់ ក្នុងចំណោម១៦ទីតាំង និងបុគ្គលិកសរុបជាង១,៥០០នាក់។
          ដោយសារមានការទទួលស្គាល់គុណភាពអប់រំ ផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស ពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលាបាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត ក្នុងឆ្នាំ២០១៣នេះគឺស្ថិតនៅតំបន់ពោធ៌ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។
ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
            ការពង្រីកវិសាលភាពអប់រំ របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អ្នកសិក្សា និងដើម្បីផ្សព្វផ្សាយសេវាអប់រំរបស់សាលារៀនសុវណ្ណភូមិ ជូនដល់ប្រជាពល      រដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
          តាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវការរីក  ចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវអនុសាសន៍ជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរសារទរចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ដែលបានចំណាយពេលវេលាដ៏មានតំលៃ​ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាលនាឪកាសនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមអរគុណ!

         


No comments: