ជិវិតនិងការតស៊ូរបស់លោក ឃឹម​ ផុន


អត្តបទដកស្រង់ចេញពីការសែតកម្ពុជាថ្មី៖
លោក ​ឃឹម ​ផុន ​កើត​នៅ​ឆ្នាំ​១៩៧៦​ នៅ​ភូមិ​ឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង​ ​ខេត្តកំពង់ស្ពឺ​ ជា​ក្មេង​កំព្រាម្តាយ​តាំងពី​អាយុ​២​ឆ្នាំ​ព្រោះម្តាយ​គាត់​បាន​ទទួល​អនិច្ចកម្ម​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ។
រស់នៅជាមួយនឹង​ជីដូន​មេម៉ាយ​លោក​ត្រូវ​ឆ្លងកាត់​បទពិសោធន៍​ដ៏​សែន​លំបាក​លោក​ ធ្វើ​ការងារ​ស្ទើរតែ​គ្រប់មុខ​ដោយ​មិន​ប្រកាន់​នោះ​ទេ​ដូចជា​ការងារ​ ធ្វើស្រែ​ចម្ការ​ឡើងត្នោត​រកស៊ី​រែក​ដី​ជាដើម។ មិនតែប៉ុណ្ណោះ​ជីដូន​លោក​ក៏​ធ្វើ​នំ​រួច​លោក​ដើរ​លក់​នំ​ក៏​មាន។ លុយ​ដែល​រកបាន​ត្រឹមតែ​ទិញ​បាន​សៀវភៅ​ទិញ​សម្លៀកបំពាក់​និង​ផ្គត់ផ្គង់​ការ​ ហូបចុក​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណឹង។ មែន​ទែន​ទៅ​លោក​បាន​រស់នៅ​ជាមួយនឹង​ជីដូន​អស់​រយៈពេល​១៥​ឆ្នាំ​ស្ថានភាព​ ក្រីក្រ​លំបាក​បែបនេះ​គឺជា​អនុស្សាវរីយ៍​ជូរចត់​ដែល​លោក​មិនអាច​បំភ្លេច​បាន ​នោះ​ទេ។
ជា ​ធម្មតា​ការ​លំបាក​តែ​ផ្លូវកាយ​វា​មិន​ថ្វី​ទេ​តែ​អ្វី​ដែល​សំខាន់​លោក​ក៏​ លំបាក​ផ្លូវ​អារម្មណ៍​ផង​ដែរ។ លោក​បាន​ប្រាប់​ថា​ ”​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​អង្គុយ​យំ​ព្រោះ​អី​រស់នៅ​បែក​ពី​ ឪពុក​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ភាព​កក់ក្តៅ​ដូច​ក្មេង​ដទៃទៀត។ គេ​មាន​ប៉ា​ម៉ាក់​រស់នៅ​ជុំគ្នា​តែ​ចង្រៃ​អី​តែ​ខ្ញុំ​គ្មាន​ភាព​កក់ក្តៅ​ ដូចជា​អ្នកដទៃ​ទាល់តែសោះ​”​។
ក្រោយមក ​ឪពុក​លោក​ក៏​មក​សុំ​លោក​ពី​ជីដូន​ទៅ​នៅ​ជាមួយ​កាលនោះ​លោក​ទើបតែ​រៀន​បាន​ ថ្នាក់​ទី​៩​នោះ​ទេ​ហើយក៏​បាន​ប្ដូរ​ទៅ​រស់នៅ​ជាមួយនឹង​ឪពុក​និង​ម្តាយចុង។ ធាតុ​ពិត​ទៅ​ជីដូន​លោក​បាន​ហាម​លោក​កុំ​ឲ្យ​ទៅ​នៅ​ភ្នំពេញ​ធ្វើ​អ្វី​ព្រោះ​ រស់នៅ​ជាមួយ​ម្តាយចុង​មិន​ស្រួល​ដូច​ម្តាយ​បង្កើត​នោះ​ទេ​តែ​លោក​នៅតែ​ជម្នះ ​ត្រូវ​តែ​ទៅ​ឲ្យ​ទាល់​តែ​បាន​ព្រោះ​ជា​សេចក្តី​ត្រូវ​កា​រហើយ​ណាមួយ​លោក​ ខ្វះ​ភាព​កក់ក្តៅ​អស់​រយៈពេល​យូរណាស់​មក​ហើយ។
គួរ ​រំលឹក​ផង​ដែរ​ថា​មុន​ពេល​លោក​ទៅ​រស់នៅ​ភ្នំពេញ​ជីតា​របស់​លោក​ក៏បាន​ត្រលប់ ​មក​រស់នៅ​ជាមួយនឹង​ជីដូន​របស់​លោក​វិញ។ លោក​សង្ឃឹមថា​កាលដែល​បាន​មក​រស់​នៅ​ភ្នំពេញ​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​កា ​រ​ប្រែប្រួល​តែ​មិន​សម​តាម​បំណង​នោះ​ទេ​ព្រោះ​រស់នៅ​ភ្នំពេញ​លោក​ត្រូវ​ជួយ ​ការងារ​ក្នុង​គ្រួសារ​ជាពិសេស​នោះ​ដោយសារ​ឪពុក​លោក​រកស៊ី​លក់​ទឹក​ហើយ​ កាលនោះ​ទិញ​ទឹក​ពី​ម្តុំ​ជិត​ពេទ្យ​កាល់​ម៉ែត្រ​រួចហើយ​យក​មក​ស្តុក​ទុក​នៅ​ ពោធិ៍​ចិនតុង​ដែល​ជា​ទីលំនៅ​របស់​លោក។
ដោយសារតែ ​លោក​ជា​ក្មេង​ពេញកម្លាំង​ស្រាប់​ហេតុនេះ​លោក​ត្រូវ​ជួយ​ការ​រងា​រទាំង​លក់​ ទាំង​អូស​ទឹក​ជូន​ភ្ញៀវ​ថែម​ទៀត​ផង។ រស់នៅ​ជាមួយ​ឪពុក​និង​ម្តាយចុង​អស់​រយៈពេល​២​ឆ្នាំ​រឿង​ដែល​លោក​មិនអាច​ចៀស​ រួច​បាន​នោះ​គឺ​ពាក្យសំដី​របស់​គាត់​ធ្វើ​ឲ្យ​លោក​ពុំ​អាច​ទទួល​យក​បាន​រហូត ​ដល់​លោក​មិនអាច​រស់នៅ​ជាមួយនឹង​គាត់​ហើយក៏​សម្រេចចិត្ត​ចាកចេញ​ព្រោះ​លោក​គិតថា​ហា​ក៏​ស្លាក់​ខ្ជាក់​ក៏​ស្លែង​លោក​មិន​ចង់​ឲ្យ​ឪពុក​លោក​មាន​អម្រែក​ដោយសារ​លោក​នោះ​ទេ។
ចៃដន្យ​ថ្ងៃ​នោះ​លោកពូ​បង្កើត​ខ្ញុំ​ក៏បាន​មកលេង​ជីដូន​ខ្ញុំ​ដែល​ត្រូវជា​ ម្តាយ​បង្កើត​របស់​គាត់​ឃើញ​សភាព​ខ្ញុំ​បែបនេះ​លោកពូ​ក៏បាន​ហៅ​ខ្ញុំ​ឲ្យ​មក ​រស់នៅ​ជាមួយ​គាត់​នៅ​ឯ​ភ្នំពេញ​ម្តុំ​សន្ធរ​មុខ​ព្រោះ​វា​ងាយស្រួល​នឹង​ ធ្វើ​ដំណើរ​ទៅ​រៀន​និង​ជួយ​មើល​ប្អូន​ផង​ដែរ។ ពេលនោះ​ជីវិត​ខ្ញុំ​ក៏បាន​ផ្ញើខ្លួន​លើ​ទ្រនំ​ថ្មី​មួយ​ទៀតហើយ​ខ្ញុំ​ខិតខំ​ ធ្វើ​ការងារ​ផ្ទះ​គ្រប់សព្វ​បែបយ៉ាង​ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ក្តី​លំបាក​ វេទនា​ខាង​ផ្លូវចិត្ត​ដែល​ខ្ញុំ​ធ្លាប់​ជួប​”​។
ដល់ពេល ​លោក​បញ្ចប់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​១៩៩៦​លោក​ក៏បាន​ ជាប់​អាហារូបករណ៍​រៀន​ខាង​ផ្នែក​មេព្រៃ​នៅ​សាល​វិទ្យាល័យ​កសិកម្ម​ព្រែក​លាភ ​រៀន​បាន​រយៈពេល​២​ឆ្នាំ។ ជា​ភ័ព្វសំណាង​ដោយសារ​បាន​ពូ​ថ្លៃ​អាណិត​ទើប​ណែនាំ​ឲ្យ​ស្គាល់​លោក​យូរ​អាង​ ដែល​ជា​នាយក​សាលារៀន​Cabs(​អតីត​នៅ​ជិត​សាលា​ACE)​រួច​លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ធ្វើតេស្ត​TOEFL​ហើយ ​បាន​ក៏បាន​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ប៉ុន្តែ​ដោយសារតែ​លោក​ធ្លាប់​ ឆ្លងកាត់​វគ្គ​គណនេយ្យ​ទើប​មានឱកាស​ធ្វើការ​ងារ​ខាង​ផ្នែក​គណនេយ្យ​ថែមទៀត។ ធ្វើ​បាន​ជិត​២​ឆ្នាំ​លោកនាយក​យូរ​អាង​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ សហរដ្ឋអាមេរិក​រួច​ក៏​សេង​សាលា​Cabs​ឲ្យ ​គេ​ហើយ​លោក​ឃឹម​ផុន​សម្រេច​ចិត្ត​ថា ដាក់ពាក្យ​ឈប់​ធ្វើការ​មុន​ពេល​លោក​ដាក់ពាក្យ​ឈប់​លោក​បាន​រៀប​អាពាហ៍ពិពាហ៍ ​ក្នុង​ឆ្នាំ​១៩៩៩​រួច​មក​ហើយ។
ក្រោយ ​មក​លោក​ក៏​ត្រូវ​បាន​មិត្ត​ភ័ក្តិ​នាំចូល​ធ្វើការ​នៅ​សាលារៀន​ញូ​តុ​ន​ធីឡាយ​ដោយ​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ហើយ​កាន់​ការងារ​គណនេយ្យ​ថែម​ទៀត​ផង។ ការងារ​ចេះ​តែ​មាន​ភាព​រីកចម្រើន​លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ គណនេយ្យ​រួច​ក៏​ទទួល​បាន​តំណែង​ជា​នាយករង​សាលារៀន​ញូ​តុ​ន​ធីឡាយ​និង​បន្ត​ មក​ទៀត​បាន​ក្លាយជា​នាយក។
លុះដល់​ឆ្នាំ​២០០៩​សាលារៀន​សុវណ្ណ​ភូមិ​ត្រូវ​បាន​បើក​ដំណើរការ​ហើយ​លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​គ្រប់គ្រង​នៅ​សាលារៀន​នេះ។
មកដល់ ​ឆ្នាំ​២០១១​លោក​ក៏បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​អ៊ី​ន​ធី​ ស៊ី​គ្រុប​ដែល​មាន​សាលារៀន​សុវណ្ណ​ភូមិ​សាលារៀន​ប្រ៊ី​ជ​តុ​ន​និង​សាលារៀន​ ញូ​តុ​ន​ធីឡាយ​សរុប​មាន​៣៨​សាខា​នៅ​ទូទាំង​ប្រទេស។
លោក ​បាន​បន្ត​ថា​៖”​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ជា​អនេកប្បការ​ព្រោះ​ខ្ញុំ​ មានឱកាស​បាន​មក​ដល់​ថ្ងៃនេះ​គឺ​ទទួល​បានការ​ជ្រោមជ្រែង​និង​ការ​ផ្តល់​ឱកាស​ ពី​សំណាក់​រៀមច្បង​ដែល​មាន​បទពិសោធន៍​ជាច្រើន។ សំខាន់​យើង​មាន​សមត្ថភាព​ហើយ​ទាមទារ​ឲ្យ​មានឱកាស​ថែមទៀត​ទើប​អាច​ដំណើរ​ការ​ បាន​យ៉ាង​រលូន​ភាព​ជោគជ័យ​ក្នុង​ការងារ​បើសិនជា​គ្មាន​ឱកាស​ទេ​នោះ​នឹង​ មិនអាច​បញ្ចេញស្នាដៃ​ឲ្យ​អ្នកដទៃ​ឃើញ​បានទេ។ មិនតែប៉ុណ្ណោះ​នៅក្នុង​វិស័យ​ការងារ​យើង​ត្រូវ​មាន​ទឹកចិត្ត​ស្មោះត្រង់​មិន ​វៀចវេរ​ត្រូវ​មាន​ភក្ដីភាព​ចំពោះ​មនុស្ស​ដែល​រស់នៅ​និង​ធ្វើការ​ជាមួយ។ មួយវិញទៀត​ចូល​កុំ​ប្រកាន់​ការងារ​ព្រោះ​កាលណា​បើ​យើង​គិត​បែបនេះ​យើង​នឹង​ មិន​មានឱកាស​បាន​ការងារ​ធ្វើ​ឡើយ​យើង​គួរតែ​បង្វែរ​ការ​គិត​បែប​វិជ្ជមាន​ ដោយ​ចាត់ទុកថា​ការងារ​កំប៉ិកកំប៉ុក​នោះ​ជា​ទុន​ដើម្បី​ឲ្យ​យើង​អាច​ឈោង​ ចាប់បាន​ការងារ​ខ្ពស់ៗ​ទៅ​ថ្ងៃ​អនាគត​បាន៕
ឈុន​ហាក់

No comments: