Awarding Ceremony, Sovannaphumi School - Toul Tum Poung Campus, 01 July ...






សន្ទរកថា

លោក ឃឹម ផុន នាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប

ក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងអាហារូបករណ៍ដល់សិស្ស
ឆ្នើមប្រចាំ២០១៤ នៅសាលារៀនសុវណ្ណភូមិទួលទំពូង
ថ្ងៃអង្គាទី០១ ខែកក្កដា ឆ្នាំ២០១៤

សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មរបស់អិុនធីសីុគ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកព្រមទាំង ប្អូនៗក្មួយសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។

ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំ អិុនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ក្នុងពិធីប្រគល់ប័ណ្ណសរសើរនិងអាហារូបករណ៍ដល់សិស្ស ឆ្នើមប្រចាំឆ្នាំ ២០១៤នាឪកាសនេះ។
ក្នុងនាមអិុនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះគណ គ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់នៅទីនេះដែលបានខិតខំប្រឹង ប្រែងបំពេញការងារ និងចូលរួមអបអរសាទរ ជាមួយប្អូនៗសិស្សានុសិស្សទាំងអស់ដែលទទួល បាននូវជ័យលាភី។
កិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្ស គឺជាកិត្តិយសនិងមោទនភាពរបស់សាលារៀន សុវណ្ណភូមិ ក្រុមគ្រួសាររបស់ប្អូន និងសង្គមទាំងមូល ដោយសារតែប្អូនៗសិស្សានុសិស្សទាំងអស់បានក្លាយ ទៅជាសិស្សល្អកូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
ភាពជោគជ័យរបស់ប្អូនៗសិស្សានុសិស្សនាពេលនេះ គឺបានមកពីការចង្អុលបង្ហាញរបស់គណគ្រប់ គ្រងសាលា ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់ប្អូនៗ ដោយខ្លួនឯងផ្ទាល់ និងមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់មាតាបិតារបស់ប្អូនៗផ្ទាល់។

ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ដោយមានក្រសួង អប់រំយុវជននិងកីឡាបានដើរ តួនាទីយា៉ងសំខាន់ ក្នុងពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅ នឹងតំរូវការទីផ្សារការងារនិងការប្រកួត ប្រជែងគុណភាពក្នុងតំបន់ ក៏ដូចជាលើឆាកអរន្តជាតិ។  
ផ្អែកលើមូលហេតុខាងលើ អិុនធីស៊ីគ្រុបបានបង្កើតសាលារៀនសុវណ្ណភូមិឡើង ក្នុងគោលបំណង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង អប់រំយុវជននិងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅពង្រឹងគុណភាពអប់រំ ដើម្បីធានាបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន។
ពាក្យស្លោកមួយឃ្លាពោលថា "ដាំដុះក្នុងសាលាផ្លែផ្លាក្នុងសង្គម" សង្គមមួយរីកចំរើន ទៅបាន គឺអាស្រ័យទៅលើប្រភពនៃធនធានមនុស្ស ដែលផ្តើមចេញពីថ្នាលបណ្តុះវិជ្ជាប្រកដទៅដោយគុណភាព និងគុណធម៌។
ជាការពិត គុណភាពនិងប្រសិទ្ធិភាពនៅក្នុងប្រព័ន្ឋអប់រំ គឺពឹងផ្អែកទាំងស្រុងទៅលើគុណភាព របស់គ្រូបង្រៀន ការចូលរួមរបស់មាតាបិតាសិស្ស និងការចូលរួមគាំទ្រពីសហគមន៍ទាំងមូលទើបអាច សម្រាចបាននូវគោលដៅរួមរបស់សាលារៀនសុវណ្ណភូមិ។

ជាក់ស្តែងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងយកចិត្តទុកដាក់ទៅលើលទ្ធផលក្នុងការសិក្សារបស់ សិស្សពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការធ្វើទំនើបកម្មលើកម្មវិធីសិក្សាការភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការបង្កើតអោយមានបរិយាកាសល្អក្នុងការសិក្សាធ្វើយា៉ងណាអោយលទ្ធផលក្នុងការសិក្សារបស់សិស្ស មានការប្រកួតប្រជែងនិងទទួលបាននូវភាពរីកចំរើន។

អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវ កិត្តិយសទាំងអស់ ដែលតែងតែគាំទ្រ និងផ្តល់នូវទំនុកចិត្តដល់សេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិ
ឆ្លៀតក្នុងឳកាសនេះដែរខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការ សិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេង រឺសេពគប់មិត្តភ័ក្តមិនល្អ ដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើ ផ្សេងៗដែលសង្គមស្អប់ខ្ពើម និងជាពិសេសសូមអោយប្អូនៗទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនគឺបំផ្លាញអនាគតរបស់ប្អូន ។
ជាទីបញ្ចប់! ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀតជាមួយស្នាដៃ និង សមិទ្ធិផលដែលគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុ សិស្សទាំងអស់សំរេចបាននាពេលនេះ និងសូមថ្លែងអំណរគុណចំពោះ វត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយ ពេលវេលាដ៍មានតំលៃអញ្ជើញចូលរួមក្នុងពិធីនេះ។

សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក-លោកស្រី ភ្ញៀវកិត្តិយសគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕

No comments: