ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤



សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥
សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤
3
សូមគោរព!
-       លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយកអិុនធីស៊ីគ្រុប និងលោកទំទាវ ជាទីគោរព
-       ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
-       ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ ទីតំាងក្រុងតាខ្មៅ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស ទាំងអស់ជាទីស្រលាញ់រាប់អាន។
នេះគឺជាឆ្នាំទី៤ហើយ ដែលសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ បានរៀបចំពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពត៌មានស្តីអំពីការសិក្សា ជូនដល់មាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូប ដែលមានកូនគ្រប់អាយុចូលសាលាក្នុងកំរិត មត្តេយ្យសិក្សាចាប់ទទួលពីអាយុ៣ឆ្នាំ និងក្នុងកំរិតបឋមសិក្សាចាប់ទទួលពីអាយុ៦ឆ្នាំឡើងទៅ។
ការបញ្ជូនកូនទៅសាលាអោយត្រូវទៅតាមអាយុ គឺជាទុនមួយដ៏សំខាន់ដើម្បីអោយកូនរបស់ អស់លោក-លោកស្រីមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងចាប់យកនូវចំណេះដឹងពីលោកគ្រូ-អ្នកគ្រូក្នុងកំរិត បឋមនិងមធ្យមសិក្សាទៅថ្ងៃមុខ និងជាប្រយោជន៍សំរាប់បន្តការសិក្សាកំរិតឧត្តមនាពេលអនាគត។
 វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រីនាពេលនេះ គឺជាបុព្វហេតុដ៏សំខាន់ ដែលជំរុញអោយសាលារៀនសុវណ្ណភូមិ ពង្រឹង​នូវការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើគុណភាព ក្នងការអប់រំដល់បុត្រធីតារបស់លោក-អ្នក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិង កីឡា ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញជូនអង្គពិធីទាំងមូលនូវភាពរីកចំរើន របស់សាលារៀនសុវណ្ណភូមិដូចតទៅ៖ សាលារៀនសុវណ្ណភូមិ គឺជាសាលាចំណេះទូទៅឯកជន មួយ​ក្នុងចំណោមសាលា​ចំណេះ​ទូទៅ​ឯកជន​ផ្សេង​ទៀតរបស់ អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង​នៅក្នុង​​ខែកក្កដា ឆ្នាំ២០០៩ ក្រោម​គំនិត​ផ្តួចផ្តើមរបស់លោក ឧកញ្ញ៉ា ជា ធីឡាយ  អគ្គនាយក​​ អិុន ធី ស៊ី​ គ្រុប។
លក្ខណៈ​​ពិសេសរបស់សាលារៀនសុវណ្ណភូ​មិ អគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការ​ទទួលស្គាល់​ពីក្រសួងអប់រំយុវជន​និង​កីឡា​ ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់ សម្ភារៈ​ឧបទ្ទេសគ្រប់គ្រាន់ទៅ​តាម​​កំរិតនិមួយៗ​ បរិយាកាសក្នុង​ការ​សិក្សាមានការប្រកួត​ប្រជែង និង​មាន​ទីធ្លា​សាលា​ធំទូលាយដើម្បីធានាបាន​នូវ​​គុណភាព និងសុវត្ថិភាពជូនដល់​សិស្សានុសិស្ស។
ការធ្វើទំនើបកម្មកម្មវិធីសិក្សា​ ការបណ្តុះបណ្តាលគ្រូបន្ថែម ការអភិវឌ្ឍន៏សមត្ថភាព​គ្រូបង្រៀន និងការបង្កើត​អោយមានបរិយាកាសសាលារៀនបែបវិជ្ជមាន គឺជាកម្លាំងចលករមួយ​ដ៏ សំខាន់​ដើម្បីជំរុញអោយមានភាព​រីកចំរើន​ក្នុងការ​សិក្សា​​ អោយមានវិន័យល្អ មាន​សណ្តាប់ធ្នាប់និង របៀបរៀបរយត្រឹមត្រូវ និងមានទំនាក់ទំនងល្អ​ទាំងនៅក្នុងសាលា គ្រួសារ និង​សង្គម​ទាំងមូល។​​
កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ រៀបចំឡើងក្នុងគោលបំណងដើម្បី​បំពេញនូវតំរូវ​ការ​របស់អ្នកសិក្សា ដោយផ្អែកទៅលើភាពរីកចំរើនរបស់សង្គម ការប្រគួតប្រជែងគុណភាព​ក្នុង​តំបន់ និងឪកាសទីផ្សារការងារ ហើយបាននឹងកំពុងអនុវត្ត​​យ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមនិយាម​គរុកោសល្យនៅក្នុង​សាលា​រៀន​​សុវណ្ណភូមិ ។

អង្គពិធីទាំងមូលជាទីគោរព!
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ជូន​ដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សា រហូតដល់​វិទ្យា ល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។​
បេសកកម្ម​របស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖
-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៣-២០១៤នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំង សរុបចំនួន២០កន្លែងទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅ តាមបណ្តាខេត្តសំខាន់ៗមានដូចជាៈ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមាន ចំនួនជាង ៣៥,០០០នាក់ និងបុគ្គលិកសរុបជាង១,៨០០នាក់។
នៅក្នុងផែនការយុទ្ធ​សាស្រ្ត​រយៈពេល៥ឆ្នាំ​ របស់សាលារៀនសុណ្ណភូមិ បានបង្ហាញអំពីការ ពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាទីរួម ខេត្តសំខាន់ៗអោយបានចន្លោះពី២៣-២៥ទីតាំងទូទាំងប្រទេស ត្រឹមឆ្នាំ២០១៧។

ឯកឧត្តម លោកជំទាវ​ លោក​​​ លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
យោងតាមរយៈរបាយការណ៍ខាងលើនេះ បានបង្ហាញជូនអង្គវិធីទាំងមូល អោយឃើញនូវ ភាពរីកចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ រយៈពេល៥ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលមានលោក ឧកញ្ញ៉ា ជា ធីឡាយ   អគ្គនាយកអិុនធីស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវ អនុសាសន៍ជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ។ លើសពីនេះលោក ឧកញ្ញ៉ាអគ្គនាយក បានរួមចំណែកក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតក្នុង គោលបំណងដើម្បីជួយសំរាលការលំបាកដល់ក្រុមគ្រួសារក្រីក្រ ជនចាស់ជរាគ្មានទីពឹង និងកុមារ កំព្រាដែលកំពុងជួបប្រទះការខ្វះខាត។
ជាទីបញ្ចប់ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណ ចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតានិងអាណាព្យាបាលសិស្ស ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៤-២០១៥ របស់សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅនាពេលនេះ និងសូមប្រសិទ្ធិពរជ័យ ជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសូមអោយប្អូនៗសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ អោយក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងឆ្នាំសិក្សាថ្មី២០១៤-២០១៥នេះ។

សូមអរគុណ!

No comments: