ពិធីប្រគល់អាហារូបករណ៍និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១៤នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥

សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប
ក្នុងពិធីប្រគល់អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ២០១៤ នៅសាលារៀនសុវណ្ណភូមិ ទីតាំងវត្តភ្នំ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥
សូមគោរព!
·      ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
·      ថ្នាក់ដឹកនាំ គ្រប់សេវាកម្មរបស់ អិុន ធី សីុ គ្រុប
·      គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក
·      ព្រមទាំងប្អូនៗក្មួយសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំអិុនធីស៊ីគ្រុប លោកគ្រូ-អ្នកគ្រូ​ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្ស​ទាំងអស់ ក្នុងពិធីប្រគល់អាហារូបករណ៍និងរង្វាន់​ ដល់​សិស្សពូកែប្រចាំឆ្នាំ២០១៤នាឪកាសនេះ។ ក្នុងនាមអិុនធីស៊ីគ្រុប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សំដែងនូវ​ការកោត​សរសើរ ចំពោះគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅទីនេះ​ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក និងសូមចូលរួម​អបអរសាទរជាមួយប្អូនៗ ក្មួយៗសិស្សានុសិស្ស​ទាំងអស់​ ដែលបានខិតខំសិក្សារៀនសូត្រ ហើយ​ទទួលបាន​ភាពជោគជ័យ។
កិច្ចខិតខំប្រឹងប្រែង របស់ប្អូនៗក្មួយៗសិស្សានុសិស្ស​ គឺជាកិត្តិយសនិងមោទនភាពរបស់ សាលារៀនសុវណ្ណភូមិ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយបានឃើញប្អូនៗក្មួយៗសិស្សា នុសិស្សទាំងអស់​បានក្លាយទៅជាសិស្សល្អ កូនល្អ  និងពលរដ្ឋល្អនៅក្នុងសង្គម។ លទ្ធផល​​​ដ៍ថ្លៃថ្លានេះ គឺបានមកពីការ​ចង្អុលបង្ហាញ របស់គណគ្រប់គ្រងសាលា ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺការខិតខំ​ប្រឹងប្រែង​របស់ប្អូនៗក្មួយៗដោយខ្លួនឯងផ្ទាល់ និងមាន​ការជួយ​ឧបត្ថម្ភ​គាំទ្រពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតា និងអាណាព្យាបាល ផងដែរ។​
ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ដោយមានក្រសួងអប់រំយុវជននិងកីឡា បានដើរតួនាទីយា៉ងសំខាន់ក្នុងពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារការងារ និង ការប្រកួតប្រជែងគុណភាពក្នុងតំបន់ ក៏ដូចជាលើឆាកអរន្តជាតិ។  
ជាការពិត គុណភាពនិងប្រសិទ្ធិភាពនៅក្នុងប្រព័ន្ឋអប់រំ គឺពឹងផ្អែកទាំងស្រុងទៅលើគុណភាព របស់គ្រូបង្រៀន ការចូលរួមរបស់មាតាបិតាសិស្សជាមួយសាលារៀន និងការចូលរួមគាំទ្រនៅក្នុង សហគមន៍ទាំងមូល។ ជាក់ស្តែងសាលារៀនសុវណ្ណភូមិ បាននឹងកំពុងយកចិត្តទុកដាក់ទៅលើលទ្ធ ផលក្នុងការសិក្សារបស់សិស្ស តាមរយៈការធ្វើទំនើបកម្មលើកម្មវិធីសិក្សា ការភិវឌ្ឍន៍សមត្ថភាព គ្រូបង្រៀន និងការបង្កើតអោយមានបរិយាកាសល្អក្នុងការសិក្សា ធ្វើយា៉ងណាដើ់ម្បីអោយលទ្ធផល ក្នុងការសិក្សារបស់សិស្សមានការប្រកួតប្រជែង និងទទួលបាននូវភាពរីកចំរើនជានិច្ច។
អង្គពិធីទាំងមូលជាទីគោរព!
តាងនាមគណគ្រប់គ្រងសាលា លោកគ្រូ​-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់  ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម លោកជំទាវ​ លោក-លោកស្រី​ និងភ្ញៀវ កិត្តិយសទាំងអស់​ដែលតែងតែ​គាំទ្រ និងផ្តល់នូវទំនុកចិត្តដល់សេវាកម្ម​អប់រំ របស់សាលា​រៀន សុវណ្ណភូមិ ហើយយើងខ្ញុំទាំងអស់គ្នា សូមសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះតទៅទៀត​ ដើម្បីជា ប្រយោជន៍ដល់ប្អូនៗក្មួយសិស្សានុសិស្ស ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។
ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់​ សូមយកចិត្ត​​ ទុកដាក់​ក្នុងការសិក្សារៀនសូត្រ ជៀសវាងកុំយកពេលវេលាដើរលេង រឺសេពគប់មិត្តភ័ក្តមិនល្អដែល នាំឲ្យខ្លួន​ប្រព្រឹត្តអំពើផ្សេងៗ ដែលសង្គមយើងទាំងមូលស្អប់ខ្ពើម និងជាពិសេសសូមអោយប្អូនៗ ក្មួយៗទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនគឺបំផ្លាញអនាគតរបស់ប្អូន
ជាទីបញ្ចប់!​ ខ្ញុំសូមកោតសរសើរ និងចូលរួមអបអរសាទរសារជាថ្មីម្តងទៀត ជាមួយស្នាដៃ និងសមិទ្ធិផលដែលគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកកគ្រប់ផ្នែក ព្រមទាំងប្អូនៗ ក្មួយៗសិស្សានុសិស្សសំរេចបាននាពេលនេះ និងសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ​ លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតំលៃ អញ្ជើញចូលរួមក្នុងពិធីនេះ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ​ លោក-លោកស្រី ភ្ញៀវកិត្តិយស គណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗ​ក្មួយៗសិស្សានុសិស្ស ទាំងអស់អោយជួបប្រទៈតែពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕​


សូមអរគុណ!

No comments: