កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៃសាលារៀនសុវណ្ណភូមិទាំង២៥ទីតាំង



សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប
កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៃសាលារៀនសុវណ្ណភូមិទាំង២៥ទីតាំង
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧

សូមគោរព!
·      លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប និងលោកជំទាវ ជាទីគោរព
·      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាមាតាបិតាសិស្ស ជាទីគោរព
·      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ
·      ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិនធីស៊ីគ្រុប ទូទាំងរាជធានី-ខេត្ត
·      លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីស្រលាញ់រាប់អាន។

នេះគឺជាឆ្នាំទី៩ហើយ ដែលសាលារៀនសុវណ្ណភូមិ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយព័ត៌មាន ស្តីអំពីការសិក្សាជូនដល់មាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូប ដែលមានកូនគ្រប់អាយុ ត្រូវចូលសាលាក្នុងកម្រិតមត្តេយ្យ និងកម្រិតបឋមសិក្សា។

ការបញ្ជូនកូនទៅសាលាអោយត្រូវទៅតាមអាយុ គឺជាចំណុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវនិងប្រសើរបំផុតដើម្បីអោយបុត្រធីតា របស់អស់លោក លោក-ស្រី មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការចាប់យកនូវចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ការផ្សាំខ្លួនជាមួយមិត្តភ័ក្រ និងការចេះបត់បែនទៅតាមបរិយាកាសទូទៅនៅក្នុងសាលារៀន ជាពិសេសដើម្បីជាទុនដ៏រឹងមាំសម្រាប់ពួកគាត់ បន្តការសិក្សាក្នុងកម្រិតមធ្យមសិក្សា និងកម្រិតឧត្តមសិក្សានាពេលអនាគត។
ការចូលរួមគាំទ្រ និងផ្តល់ទំនុកចិត្តពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោក-ស្រីក្នុង  រយៈពេល៩ឆ្នាំមកនេះ គឺជាកម្លាំងជំរុញដ៏សំខាន់ ធ្វើឱ្យសាលារៀនសុវណ្ណភូមិ ពង្រឹង​នូវការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើគុណភាពអប់រំ តាមរយៈការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការពង្រីកទំនាក់ទំនងជាតិនិងអន្តរជាតិ ដើម្បីបង្កើតនូវយន្តការសំខាន់ៗសំរាប់ជួយគាំទ្រដល់ការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ‌‌‌ខ្ញុំសូមអនុញ្ញាតបង្ហាញជូនអង្គពិធីទាំងមូលនូវភាពរីកចំរើន និងប្រវត្តិសង្ខេបរបស់សាលារៀនសុវណ្ណភូមិ៖ សាលារៀនសុវណ្ណភូមិ គឺជាសាលាចំណេះទូទៅឯកជនមួយ​ក្នុងចំណោមសាលា​ចំណេះ​ទូទៅ​ឯកជន​ផ្សេង​ទៀត របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលបានបង្កើតឡើង​នៅក្នុង​​ខែកក្កដា ឆ្នាំ២០០៩ ក្រោម​គំនិត​ផ្តួចផ្តើមរបស់លោកឧកញ៉ា ជា ធីឡាយ       អគ្គនាយក​​ អ៊ិន ធី ស៊ី​ គ្រុប និងលោកជំទាវ។

លក្ខណៈ​​ពិសេសរបស់សាលារៀនសុវណ្ណភូ​មិរួមមាន៖ អគារសិក្សាផ្ទាល់ខ្លួនដែលសង់តម្រូវទៅតាមស្តង់ដារសាលារៀន កម្មវិធីសិក្សាមានការ​ទទួលស្គាល់​ពីក្រសួងអប់រំយុវជន​និង​កីឡា​ លោកគ្រូ-អ្នកគ្រូមានបទពិសោធន៏ និងជំនាញច្បាស់លាស់ក្នុងការបង្រៀនច្រើនឆ្នាំ សម្ភារ​ឧបទ្ទេសគ្រប់គ្រាន់ទៅ​តាម​​កំរិតសិក្សានិមួយៗ​ បរិយាកាសក្នុង​ការ​សិក្សាមានការប្រកួត​ប្រជែង និង​មាន​ទីធ្លា​សាលា​ធំទូលាយដើម្បីធានាបាន​នូវ​​គុណភាព និងសុវត្ថិភាពជូនដល់​សិស្សានុសិស្ស ជាពិសេសមានដៃគូ សហប្រតិបត្តិការជាតិ និងអន្តរជាតិ ចាំផ្តល់អាហារូបករណ៍ជូនដល់ប្អូនៗប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដើម្បីបន្តការសិក្សាកំរិតឧត្តម ជាមួយសកលវិទ្យាល័យធំៗនៅក្នុងស្រុកដូចជា៖
1.    សកលវិទ្យាល័យ Zaman
2.    សកលវិទ្យាល័យ Limkokwing
3.    វិទ្យាស្ថានពាណិជ្ជសាស្រ្ត Acleda

ក្រៅពីនេះសាលារៀនសុវណ្ណភូមិ បានចាប់ដៃគូជាមួយសកលវិទ្យាល័យអន្តជាតិ នៅតាមបណ្តាប្រទេសមួយចំនួនដូចជា៖
1.    ព្រះរាជាណាចក្រថៃ
2.    ប្រទេសវៀតណាម
3.    ប្រទេសសិង្ហបុរី
4.    ប្រទេសម៉ាឡេស៊ី
5.    ប្រទេសអូស្រ្តាលី
6.    ប្រទេសណូវែលសេឡង់
7.    សហរដ្ឋអាមេរិក

យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្ហាញពីការកើនឡើងជាលំដាប់នៃចំនួនសិស្សក្នុងកម្មវិធីចំណេះទូទៅខ្មែរ នៃសាលារៀនសុវណ្ណភូមិទូទាំងរាជធានី-ខេត្ត៖
1.    ឆ្នាំសិក្សា ២០១៣-២០១៤        សិស្សសរុប ៦៥០៩ នាក់
2.    ឆ្នាំសិក្សា ២០១៤-២០១៥         សិស្សសរុប ៧៩៦៥ នាក់
3.    ឆ្នាំសិក្សា ២០១៥-២០១៦         សិស្សសរុប ៩២៦៥ នាក់
4.    ឆ្នាំសិក្សា ២០១៦-២០១៧        សិស្សសរុប ៩៣៧៣ នាក់
5.    ឆ្នាំសិក្សា ២០១៧-២០១៨        សិស្សសរុប ១១៨៨៣ នាក់

ដោយឡែកសំរាប់សិស្សនិន្ទេស A តាមឆ្នាំសិក្សានីមួយៗមានដូចជា៖
1.     ឆ្នាំសិក្សា ២០១៣-២០១៤ សិស្សនិទ្ទេស A សូន្យនាក់
2.     ឆ្នាំសិក្សា ២០១៤-២០១៥ សិស្សនិទ្ទេស A ០១ នាក់
3.     ឆ្នាំសិក្សា ២០១៥-២០១៦ សិស្សនិទ្ទេស A ០៧ នាក់
4.     ឆ្នាំសិក្សា ២០១៦-២០១៧ សិស្សនិទ្ទេស A ០៦ នាក់

សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦៖
1.  សិស្សប្រឡងជាប់បឋមភូមិមានចំនួនសរុប ៥៦៧នាក់ ស្មើ៩៤ភាគរយ ក្នុងនោះមាននិទ្ទេសល្អ៧៨នាក់ និង ល្អបង្គួរ២៣៦នាក់។
2.    សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ១៩៥នាក់ ស្មើ៧៧ភាគរយ ក្នុងនោះមានសិស្សទទួលបាននិទ្ទេស A ចំនួន៧នាក់ និងនិទ្ទេស B ចំនួន១៩នាក់។

សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧៖
1.    សិស្សប្រឡងជាប់បឋមភូមិ មានចំនួនសរុប ៧២៦នាក់ ស្មើ ៩៦ភាគរយ ក្នុងនោះមាននិទ្ទេសល្អ១៤១នាក់ និង ល្អបង្គួរ២៩៣នាក់។
2.    សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ២៧៧នាក់ ស្មើ៦៧ភាគរយ ក្នុងនោះមានសិស្សទទួលបាននិទ្ទេស A ចំនួន៦នាក់ និងនិទ្ទេស B ចំនួន១៤នាក់។

អង្គពិធីទាំងមូលជាទីគោរព!
យោងតាមរបាយការណ៍ខាងលើនេះ សាលារៀនសុវណ្ណភូមិចាំបាច់ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សា​ផ្នែកចំណេះទូទៅខ្មែរ បណ្តុះបណ្តាលសម្ថភាពគ្រូបង្រៀនបន្ថែម អភិវឌ្ឍន៍សមត្ថភាព​ថ្នាក់ដឹកនាំ និងបង្កើន​បរិយាកាសក្នុងការសិក្សាឱ្យមានការប្រកួតប្រជែងបន្ថែមទៀត ដើម្បីជំរុញអោយមានភាព​រីកចំរើន​ក្នុងការ​សិក្សារបស់សិស្ស​ ​និងសម្រេចឱ្យបានទៅតាមគោលដៅដែលបានគ្រោងទុកក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ។​​

សាលារៀនសុវណ្ណភូមិបានប្រកាន់ភ្ជាប់នូវចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយគុណភាព ជូនដល់ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិត​មត្តេយ្យ​សិក្សារហូតដល់​វិទ្យាល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។​
សាលារៀនសុវណ្ណភូមិបេសកកម្មសំខាន់ៗចំនួន៤គឺ៖
-ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព
-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់
-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៦-២០១៧កន្លងមកនេះ សាលារៀនសុវណ្ណភូមិបានពង្រីក   ទីតាំងសរុបចំនួន២៥កន្លែងទូទាំងប្រទេស ដោយមាន១៥ទីតាំងនៅរាជធានីភ្នំពេញ និង១០ទីតាំងទៀតនៅតាមបណ្តាខេត្តសំខាន់ៗដូចជាៈ នៅក្រុងតាខ្មៅខេត្តកណ្តាលចំនួន២ទីតាំង នៅទីរួមខេត្តតាកែវចំនួន១ទីតាំង នៅខេត្តព្រះសីហនុចំនួន១ទីតាំង នៅខេត្តបាត់ដំបងចំនួន១ទីតាំង នៅខេត្តបន្ទាយមានជ័យចំនួន១ទីតាំង នៅក្រុងប៉ោយប៉ែតចំនួន២ទីតាំង និងនៅខេត្តសៀមរាបចំនួន២       ទីតាំង។ ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមានចំនួន ៣០,៤៤៤នាក់ និងបុគ្គលិកសរុប ២,០៤៥នាក់។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ជំនួសមុខឱ្យលោកឧកញ៉ា ជា ធីឡាយ អគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក សូមធ្វើការប្តាជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សាទាំងកម្រិតមត្តេយ្យ-បឋម-អនុវិទ្យាល័យ-វិទ្យាល័យ ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ និងជាបន្តបន្ទាប់។

ជាទីបញ្ចប់ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណ ចំពោះគណៈអធិបតី ឯកឧត្តម លោកជំទាវ អស់លោក លោក-ស្រីជាមាតាបិតា និងអាណាព្យាបាលសិស្ស ដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ ដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៧-២០១៨ របស់សាលារៀនសុវណ្ណភូមិនាពេលនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណៈអធិបតី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី      ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងប្អូនៗសិស្សានុសិស្សឱ្យជួប    ប្រទៈតែពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមអោយប្អូនៗសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រអោយក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម និងទទួលបាននិទ្ទេស A និង B ទាំងអស់គ្នាក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ៕


សូមអរគុណ!

Comments

Popular posts from this blog

តើហេតុអ្វីពាក្យថា «ពេក» គឺជាបញ្ហា?

មិត្តភក្រ្តចាស់គឺជាមាស មិត្តភក្រ្តថ្មីគឺជាពេជ្រ

វិធីសាស្រ្តក្នុងការកំណត់អាទិភាពការងារ

៩ ចំនុចសំរាប់អ្នកសម្ភាសការងារ

តើហេតុអ្វីចំណូលគឺជាចំណាយ?

៩៩ សុភាសិតចិនក្នុងរឿង សាម កុក (Three Kingdoms)

4 សំនួរមុនពេលធ្វើការសម្រេចចិត្ត

៧ ចំណុចរបស់មេដឹកនាំដែលមានឥទ្ធិពល (Leaders with Influence)

តើវិវាទនៅកន្លែងការងារកើតឡើងពីកត្តាអ្វីខ្លះ?

តើការងារប្រភេទណាដែលអ្នកដឹកនាំចាំបាច់ត្រូវប្រគល់សិទ្ធឱ្យគេធ្វើជំនួស?