តើកក្តាអ្វីខ្លះនាំឱ្យអ្នកក្លាហានគួនអ៊ីទទួលបរាជ័យ?


អត្តបទទី២២១ ឆ្នាំទី៨
គំនិតគួរពិចារណា៖
តើកក្តាអ្វីខ្លះនាំឱ្យអ្នកក្លាហានគួនអ៊ីទទួលបរាជ័យ? 
គួនអ៊ីគឺជាមេទ័ពដ៏ល្បីឈ្មោះ និងជាអ្នកក្លាហានដែលមានគុណធម៌ ពេលត្រូវព្រួញពិសរបស់មេទ័ពឆាវឆាវ កូនរបស់គួនអ៊ីក៏បានអញ្ជើញគ្រូពេទ្យទេវតាដើម្បីព្យាបាលមុខរបួស ពេលព្យាបាលរួចគ្រូពេទ្យបានប្រាប់ថា ជាតិពិសក្នុងខ្លួនលោកម្ចាស់ខ្ញុំបានយកចេញអស់ហើយ ប៉ុន្តែលោកម្ចាស់ត្រូវសម្រាកចំនួន១០០ថ្ងៃសិនទើបអាចប្រយុទ្ធបានទៀត ភ្លាមនោះគួនអ៊ីមិនព្រមហើយថែមទាំងនិយាយថា ខ្ញុំប្រើតែដៃម្ខាងក៏អាចកំចាត់មេទ័ពឆាវឆាវបានដែរ ដោយសារភាពមានះរបស់គួនអ៊ី លោកគ្រូទេព្យក៏មិនហ៊ានរារាំងអ្វីទាំងអស់។ 
ដោយហេតុថាចង់ជួយឪពុក កូនរបស់គួនអ៊ីបានព្យាយាមអង្វរលោកគ្រូពេទ្យទេវតា ដើម្បីជួយផ្តល់យោបល់ដល់គួនអ៊ីឱ្យផ្អាកការប្រយុទ្ធ គ្មានជម្រើសគ្រូេពទ្យទេវតាក៏បញ្ជាក់ប្រាប់កូនរបស់គួនអ៊ីថា “ជំងឺរបស់លោកម្ចាស់ខ្ញុំបានព្យាបាលជាសះស្បើយ១០០ភាគរយហើយ ប៉ុន្តែជំងឺក្អេងក្អាងរបស់លោកម្ចាស់គ្មានថ្នាំព្យាបាលឡើយ”។ 
មេទ័ពល្បីឈ្មោះនិងក៏ជាអ្នកក្លាហានដែលមានគុណធម៌ គួនអ៊ីបរាជ័យដោយសារ៖
- ការយល់ឃើញថាខ្លួនឯងចេះគ្រប់សព្វ
- ការមានភាពរឹងមានះមិនស្តាប់យោបល់អ្នកដ៏ទៃ
- ការមានចរិកអួតក្អេងក្អាងមើលងាយសភាពការណ៍
ចំណុចទាំងបីខាងលើនេះកើតឡើងចំពោះគួនអ៊ី នៅពេលដែលលាវប៊ីចាត់ឱ្យគួនអ៊ីជាមេទ័ពធំគ្រប់គ្រងក្រុងមួយ ដែលលាវប៊ីបានប្រគល់សិទ្ធអំណាចក្នុងការសម្រេចចិត្តជូនគួនអ៊ីទាំងអស់។ នៅពេលដឹកនាំទ័ពដោយគ្មានមេនៅមើលពីលើ (គ្មានលាវប៊ីនៅក្បែរ) គួនអ៊ីបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនហួសព្រំដែន ហើយធ្វើឱ្យមេទ័ពផ្សេងទៀតមិនសូវមានកម្លាំងចិត្តប្រយុទ្ធ។ 
ការសន្និដ្ឋានរួមឃើញថា ការធ្វើការអ្វីមួយដែលគ្មានមេដឹកនាំចាំជួយផ្តល់យោបល់ និងជំរុញទឹកចិត្ត អាចប្រឈមនឹងភាពបរាជ័យ ដោយសារការប្រើប្រាស់អំណាចហួសព្រំដែន និងគិតថាខ្លួនមានសិទ្ធិសម្រេចកិច្ចការគ្រប់យ៉ាងផ្អែកតាមមុខតំណែងនិងតួនាទី។ 
ការចេះស្តាប់យោបល់មនុស្សនៅជុំវិញខ្លួន ការចេះទទួលយកឱវាទពីមេដឹកនាំ ការចេះប្រើប្រាស់សិទ្ធិអំណាចឱ្យបានត្រឹមត្រូវ ការចេះទទួលកំហុសនិងចេះកែប្រែខ្លួនទាន់ពេល គឺជាយ័ន្តការពារខ្លួនកុំឱ្យជួបប្រទះភាពបរាជ័យ និងជាមនុស្សដែលគេតែងនឹកគិត ហើយចង់យកមកនៅក្បែរ៕ 
ទស្សនៈផ្ទាល់ខ្លួន

No comments: