ពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៤ (ជម្ពូវ័ន) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
សុន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំង១៤ (ជម្ពូវ័ន)
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
សូមគោរព!
- លោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប
និងលោកស្រី ជាទីគោរព
- ឯកឧត្តម
លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់
ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយឃើញវត្តមានឯកឧត្តម
លោកជំទាវ លោក-លោកស្រី
ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ដែលបាន ចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់ សាលារៀនសុវណ្ណភូមិទីតាំងទី១៤(ជម្ពូវ័ន)នាឪកាសនេះ។
វត្តមានរបស់ឯកឧត្តម
លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ
នូវការយកចិត្តទុកដាក់ទៅលើការអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀន សុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស
ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា សំដៅលុបបំបាត់ភាព មិនចេះអក្សរ
និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ
ខ្ញុំសូមអនុញ្ញាតបង្ហាញនូវជីវប្រវត្តិរបស់សាលារៀនសុវណ្ណភូមិជូនជ្រាបដូចខាងក្រោមៈ
សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយ
ក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់ អ៊ិន ធី ស៊ី គ្រុប
ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ
១-រួមចំណែកជាមួយរាជរដ្ឋាភិបាល
ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន
និងកីឡា។
២-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន
ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាន នូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ។
៣-បង្កើតទីផ្សារការងារបន្ថែម
ជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត អោយពួកគាត់មានឪកាសការងារ
ជាមួយសាលារៀន សុវណ្ណភូមិ។
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺសំរេចអោយបាន គុណភាពនៃការអប់រំមួយ ដ៏ល្អបំផុត ទាំងផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស។
ដើម្បីសំរេចបានចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិបានកំណត់នូវបេសកកម្មសំខាន់ៗចំនួន៤ដូចតទៅៈ
១-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន៍ផ្នែករាងកាយ
បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និង ជំនាញច្បាស់លាស់ ធ្វើអោយសិស្សមានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេង។
៣-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់
ត្រូវបានជំរុញ និងលើកទឹកចិត្តរាល់សមិទ្ឋិផល និងស្នាដៃផ្សេងៗដែលពួកគេសំរេចបាន។
៤-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់ សំភារៈឧបទ្ទេសទាំងអស់
ត្រូវបានធានាអោយ មានទៅតាមកំរិតសិក្សានិមួយៗ
ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្ស មានភាពរីកចំរើនជានិច្ច។
ការសំរេចបាននូវចក្ខុវិស័យ
របស់សាលារៀនសុវណ្ណភូមិ កើតចេញពីការខិតខំប្រឹងប្រែង ទាំងកំលាំងកាយ កំលាំងចិត្ត
និងកំលាំងប្រាជ្ញា របស់គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្ស។
ជាលទ្ឋផលត្រឹមឆ្នាំ២០១២នេះ
សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន ១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង
១០លាន ដុល្លា ដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញគឺស្ថិតនៅ ដូនពេញ បាក់ទូក
ទេពផន ទួលទំពូងទី១ ទួលទំពូងទី២ តាខ្មៅ វត្តភ្នំ អូឡាំពិក ផ្សារតូច ជម្ពូវ័ន ទួលគោក និង៥ទីតាំងទៀត នៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះ សីហនុ
ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាបហើយបានប្រមូលសិស្សអោយចូលសិក្សាមានចំនួនសរុប ជាង ២៧,០០០នាក់ ក្នុងចំណោម១៦ទីតាំង
និងបុគ្គលិកសរុបជាង១,២០០នាក់។
ដោយសារមានការទទួលស្គាល់គុណភាពអប់រំ ផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេស
ពីសំណាក់មាតាបិតាសិស្ស ក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលា បាននឹងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត
ក្នុងឆ្នាំ២០១៣ខាងមុខនេះគឺ ស្ថិតនៅតំបន់ពោធ៌ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឬស្សីកែវ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
ការពង្រីកវិសាលភាពអប់រំ
របស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អ្នកសិក្សា
និងដើម្បីផ្សព្វផ្សាយសេវាអប់រំរបស់សាលារៀន សុវណ្ណភូមិ ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការ អប់រំមួយប្រកបដោយចំណេះដឹង
និងចំណេះធ្វើពិតប្រាកដ។
តាមរយៈរបាយការណ៍ខាងលើនេះ
បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវការរីក ចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ
ក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល
ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកដែលមានលោក ជា ធីឡាយ អគ្គនាយកអ៊ិនធីស៊ីគ្រុប
ជាអ្នកដឹកនាំនិង បានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន
ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលា រៀនសុវណ្ណភូមិ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្ស ធម៌ផ្សេងៗទៀត ជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ជា ធីឡាយ អគ្គនាយក អ៊ិនធីស៊ីគ្រុបបានបង្កើតអោយមានមូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណង ដើម្បីកៀគរនិងប្រមែប្រមូលថវិកាយកទៅជួយសំរាលការលំបាកដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ
ដែលមាន៣គ្រួសារអញ្ជើញមកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ១គ្រួសារ អញ្ជើញមកពីភូមិអញ្ចាញទី១
និង១គ្រួសារទៀតអញ្ជើញមកពីភូមិអញ្ចាញទី៦ នៅក្នុងសង្កាត់ ត្រពាំងក្រសំាង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ
ដែលពួកគាត់ទាំង៥គ្រួសារ កំពុងជួបប្រទះការខ្វះខាត។ ចំពោះសម្ភារៈ និង ថវិការដែលត្រូវប្រគល់ជូនក្នុងមួយ គ្រួសារៗរួមមានៈ អង្ករ១បាវ ភួយ១ មុង១ កន្ទេល១ ទឹកត្រី១យួរ
ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ អំបិល ១កញ្ចប់ និង ថវិការ៥មឺនរៀល ដែលចំណាយជាទឹកប្រាក់សរុបមានចំនួន
១,២៥០,០០០រៀល (មួយលានម្ភៃប្រាំមឺនរៀល) ។
ទោះបីជាទឹកប្រាក់និងសម្ភារៈដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែនេះគឺសកម្មភាព ចូលរួមចែករំលែកទុក្ខលំបាកទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត
និងទុកជាគំរូល្អ សំរាប់ប្អូនៗសិស្សានុសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ អោយមានវប្បធម៌ចេះ ជួយគ្នានៅពេលមានអាសន្ន និងចេះសាមគ្គីគ្នា។
ជាទីបញ្ចប់ ក្នុងនាមអ៊ិនធីស៊ីគ្រុប
ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរ សារទរចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។
ជួសមុខអោយគណៈគ្រប់គ្រង សាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ
លោក-លោកស្រីជាមាតាបិតាសិស្សដែលបានចំណាយពេលវេលាមានតំលៃ អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងទី១៤
(ជម្ពូវ័ន) នាឪកាសនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតាសិស្ស ថ្នាក់ដឹកនាំ
លោកគ្រូ-អ្នកគ្រូ
និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ជួបប្រទៈតែសេចក្តីសុខ
និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច។
សូមអរគុណ!
Comments