ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលារៀនប្រ៊ីជតុន ទីតាំងស្ទឹងមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
សុន្ទរកថា
លោក
ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុប
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤
នៅសាលារៀនប្រ៊ីជតុន
ទីតាំងស្ទឹងមានជ័យ
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
សូមគោរព!
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់
អ៊ិន ធី ស៊ី គ្រុប
- គណគ្រប់គ្រងសាលារៀនប្រ៊ីជតុន លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក
- ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រលាញ់រាប់អាន។
ស្ថិតនៅក្នុងបរិយាកាសសោមនស្សរីករាយ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣ -២០១៤ នៅសាលារៀនប្រ៊ីជតុន ទីតាំងស្ទឹងមានជ័យនាឪកាសនេះ តំាងនាមគណគ្រប់គ្រង សាលារៀនប្រ៊ីជតុននិងខ្លួនខ្ញុំផ្ទាល់
មានមោទនភាពយ៉ាងខ្លាំងដោយឃើញវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាមាតាបិតាសិស្ស ព្រមទាំងប្អូនៗក្មួយៗសិស្សានុសិស្ស ទាំងដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមក្នុងពិធីនេះ។
វត្តមានរបស់ឯកឧត្តម
លោកជំទាវ លោក-លោកស្រីនាពេលនេះបានបង្ហាញអោយឃើញ
នូវការយកចិត្តទុកដាក់ទៅលើការអប់រំដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀន ប្រ៊ីជតុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា។
ការងារអប់រំគឺការងារសំរាប់យើងទាំងអស់គ្នា
ថ្វីបើមានសាលារៀនប្រ៊ីជតុនមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប៉ុន្តែទាមទារអោយមានការចូលរួម
ការទំនាក់ទំនងល្អ និងការសហការណ៏គ្នាយ៉ាងស្អិតរមួតរវាងសាលារៀន មាតាបិតាសិស្ស
និងសហគមន៏ទាំងមូល ទើបធានាបាននូវគុណភាពនៃការអប់រំមួយដ៏ប្រសើរ។ ជាក់ស្តែងការជួបជុំគ្នាថ្ងៃនេះគឺការពង្រឹងនូវទំនាក់ទំនងល្អរវាងសាលារៀនជាមួយមាតាបិតាសិស្សសំរាប់ឆ្នាំសិក្សាថ្មី២០១៣-២០១៤ក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្សមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តម លោកជំទាវ
លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
មកទល់នឹងពេលនេះ សាលារៀនប្រ៊ីជតុន
មានអាយុកាលជាង៦ឆ្នាំមកហើយ ក្នុងការរួមចំណែកអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា
ដោយមានទីតាំងចំនួន៤នៅក្នុង រាជធានីភ្នំពេញគឺនៅទួលទំពូង បឹងត្របែក ដេអិន និងស្ទឹងមានជ័យ
ហើយបានប្រមូល សិស្សអោយចូលសិក្សាសរុបជាង៥ពាន់នាក់ និងបុគ្គលិកសរុបជាង២០០នាក់។ ចក្ខុវិស័យរបស់សាលារៀនប្រ៊ីជតុនគឺផ្តល់នូវការអប់រំប្រកបដោយគុណភាព
ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ផែ្នកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យដល់ថ្នាក់ទី១២
និងភាសាអង់គ្លេស ទូទៅចាប់ពីមត្តេយ្យដល់មធ្យមសិក្សា។
ជាទីបញ្ចប់
ក្នុងនាមអ៊ិនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួម អបអរសារទរក្នុងឪកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤នាពេលនេះ។ ជួសមុខអោយគណៈគ្រប់ គ្រងសាលារៀនប្រ៊ីជតុន
សូមថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតាសិស្ស និងសូមប្រសិទ្ធិពរជ័យជូនចំពោះឯកឧត្តម លោកជំទាវ
លោក-លោកថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់
ជួបប្រទៈតែសេចក្តីសុខ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច
និងសូមជូនពរ អោយប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគ ជ័យក្នុងការសិក្សាឆ្នាំថ្មីនេះ៕
សូមអរគុណ!
Comments