ពិធីសម្ភោធអាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិទីតាំងខេត្តសៀមរាប ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤
សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ អិុន ធី សីុ គ្រុប ក្នុងពិធីសម្ភោធ អាគារសិក្សាថ្មីរបស់សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តសៀមរាប
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤
3
សូមគោរព!
- លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយកអិុនធីស៊ីគ្រុប និងលោកទំទាវ ជាទីគោរព
- លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប ជាទីគោរព
- លោកស្រី ពៅសោភ័ណ ពិសី អនុប្រធានអង្គការភូមិកុមារអរុណរៈអង្គរ ខេត្តសៀមរាប
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ
ទីតំាងខេត្តសៀមរាប លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស
ទាំងអស់ជាទីស្រលាញ់រាប់អាន។
ថ្ងៃនេះ សាលារៀនសុវណ្ណភូមិទីតាំងខេត្តសៀមរាប
មានកិត្តិយសដ៏វិេសសវិសាលបំផុត និង សូមផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់ឯកឧត្តម
លោកជំទាវ លោក-លោកស្រីដែល ជាមាតាបិតានិងអាណាព្យាបាលសិស្ស
ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ
ដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី របស់ សាលារៀនសុវណ្ណភូមិទីតាំងទី១៦ខេត្តសៀមរាបនាឪកាសនេះ។
វត្តមានរបស់ឯកឧត្តមលោកជំទាវ លោក-លោកស្រីនាពេលនេះ បានបង្ហាញអោយឃើញនូវការយកចិត្តទុកដាក់
ទៅលើការងារអប់រំ ដល់បុត្រធីតារបស់លោក-អ្នក ដែលមានសាលារៀនសុវណ្ណភូមិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស
ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡាសំដៅលុបបំបាត់ភាពមិនចេះអក្សរនិងការ
កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ខ្ញុំសូមអនុញ្ញាតបង្ហាញជូន នូវដំណើរការនិងការវិវត្តន៍របស់
សាលារៀនសុវណ្ណភូមិជូនជ្រាបដូចតទៅ៖ សាលារៀនសុវណ្ណភូមិ គឺជាសាលាចំណេះទូទៅឯកជន មួយក្នុងចំណោមសាលាចំណេះទូទៅឯកជនផ្សេងទៀតរបស់
អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០០៩
ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ្ញ៉ា ជា ធីឡាយ
អគ្គនាយក អិុន ធី ស៊ី
គ្រុប។
លក្ខណៈពិសេសរបស់សាលារៀនសុវណ្ណភូមិ អគារសិក្សាផ្ទាល់ខ្លួន
កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា
ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់
សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិតនិមួយៗ
បរិយាកាសក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លាសាលាធំទូលាយដើម្បីធានាបាននូវគុណភាព
និងសុវត្ថិភាពជូនដល់សិស្សានុសិស្សមកពី គ្រប់មជ្ឈដ្ឋាន។
ការធ្វើទំនើបកម្មកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបន្ថែម ការអភិវឌ្ឍន៏សមត្ថភាពគ្រូបង្រៀន
និងការបង្កើតអោយមានបរិយាកាសសាលារៀនបែបវិជ្ជមាន គឺជាកម្លាំងចលករមួយដ៏ សំខាន់ដើម្បីជំរុញអោយមានភាពរីកចំរើនក្នុងការសិក្សា
អោយមានវិន័យល្អ មានសណ្តាប់ធ្នាប់និង របៀបរៀបរយត្រឹមត្រូវ
និងមានទំនាក់ទំនងល្អទាំងនៅក្នុងសាលា គ្រួសារ និងសង្គមទាំងមូល។
កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ រៀបចំឡើងក្នុងគោលបំណងដើម្បីបំពេញនូវតំរូវការរបស់អ្នកសិក្សា
ដោយផ្អែកទៅលើភាពរីកចំរើនរបស់សង្គម ការប្រគួតប្រជែងគុណភាពក្នុងតំបន់
និងឪកាសទីផ្សារការងារ ហើយបាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត
ទៅតាមនិយាមគរុកោសល្យនៅក្នុងសាលារៀនសុវណ្ណភូមិ ។
អង្គពិធីទាំងមូលជាទីគោរព!
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់
សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យសិក្សា រហូតដល់វិទ្យា
ល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។
បេសកកម្មរបស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖
១-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
៣-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
៤-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៣-២០១៤នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំង
សរុបចំនួន២០កន្លែងទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅ តាមបណ្តាខេត្តសំខាន់ៗមានដូចជាៈ
ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ក្រុងប៉ោយប៉ែត
និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមាន ចំនួនជាង ៣៥,០០០នាក់ និងបុគ្គលិកសរុបជាង១,៨០០នាក់។
នៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់សាលារៀនសុណ្ណភូមិ បានបង្ហាញអំពីការ
ពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ
និងតាមបណ្តាទីរួម ខេត្តសំខាន់ៗអោយបានចន្លោះពី២៣-២៥ទីតាំងទូទាំងប្រទេស ត្រឹមឆ្នាំ២០១៧។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
យោងតាមរយៈរបាយការណ៍ខាងលើនេះ បានបញ្ជាក់ជូនអង្គពិធីទាំងមូល អោយឃើញនូវ ការរីកចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ សមិទ្ឋិផល ដ៏ត្រចៈត្រចង់នាពេលនេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ
លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលមានលោក ឧកញ្ញ៉ា ជា ធីឡាយ
អគ្គនាយកអិុនធីស៊ីគ្រុប ជាអ្នកដឹកនាំ និងបានផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗជាច្រើន
ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ សាលារៀនសុវណ្ណភូមិ។ លើសពីនេះលោកឧកញ្ញ៉ាអគ្គនាយក បានរួមចំណែកក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត
ជាក់ស្តែងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧកញ្ញ៉ាអគ្គនាយក
បានបង្កើតអោយមាន មូលនិធិសប្បុរសធម៌សាលារៀនសុវណ្ណភូមិ ក្នុងគោលបំណងដើម្បីជួយ សំរាលការលំបាកដល់ក្រុមគ្រួសារក្រីក្រ
ជនចាស់ជរាគ្មានទីពឹង និងកុមារកំព្រាដែលកំពុងជួបប្រទះ ការខ្វះខាត។
ស្ថិតក្នងឪកាសនេះដែរ លោកឧកញ្ញ៉ាអគ្គនាយក និងលោកជំទាវ បានចំណាយថវិការផ្ទាល់
ខ្លួនមួយចំនួន ដើម្បីជួយឧបត្តមដល់គ្រួសារក្រក្រីក្រចំនួន៥គ្រួសារ ដែលអញ្ជើញមកពីភូមិតាវៀន
សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលពួកគាត់ទាំង៥គ្រួសារកំពុងជួបប្រទះ ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ចំពោះសម្ភារៈដែលត្រូវប្រគល់ជូនក្នុងមួយ គ្រួសារៗរួមមានៈ
អង្ករ១បាវ ភួយ១ មុង១ កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអីុវ១យួរ ធុងទឹក១ ផ្តឹលទឹក១
ឆ្នាំងដាំបាយ១និងថវិការ១០មឺុនរៀល ហើយចំណាយជាទឹកប្រាក់សរុបចំនួនមួយលានពីរមឺុនរៀល។
ទោះបីជាសម្ភរៈដែលទទួលបានមានចំនួនតិចតួច ប៉ុន្តែេនះគឺជាសកម្មភាពចែករំលែកទុក្ខ
លំបាកទៅដល់គ្រួសារក្រីក្រដែលកំពុងជួបប្រទះការខ្វះខាត និងទុកជាគំរូល្អសំរាប់ប្អូនៗសិស្សានុ
សិស្សទាំងអស់នៃសាលារៀនសុវណ្ណភូមិ អោយមានវប្បធម៌ចេះជួយគ្នានៅគ្រាមានអាសន្ន និងត្រូវ
ចេះអោយតំលៃគ្នា។
ជាទីបញ្ចប់ ក្នុងនាមអិុនធីស៊ីគ្រុប ខ្ញុំសូមសំដែងនូវការកោតសរសើរ និងចូលរួមអបអរសារទរ
ចំពោះស្នាដៃនិងសមទ្ធិផលដ៏ថ្លៃថ្លានាពេលនេះ។ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណ ភូមិសូមថ្លែងអំណរគុណចំពោះគណអធិបតី
ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាមាតាបិតា
និងអាណាព្យាបាលសិស្សដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី
របស់សាលារៀនសុវណ្ណភូមិទីតាំងទី១៦ ខេត្តសៀមរាបនា ពេលនេះ និងសូមប្រសិទ្ធិពរជ័យជូនចំពោះគណអធិបតី
ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាមាតាបិតានិងអាណាព្យាបាលសិស្ស
ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ
និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ
និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសូមអោយប្អូនៗសិស្សានុ សិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រអោយក្លាយទៅជាកូនល្អ
សិស្សល្អ និងពលរដ្ឋល្អ។
សូមអរគុណ!
Comments