ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥ សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤
សន្ទរកថា
លោក ឃឹម ផុន ប្រធាននាយកប្រត្តិបត្តិ
អិុន ធី សីុ គ្រុប ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៤-២០១៥
សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤
3
សូមគោរព!
- លោកឧកញ្ញ៉ា ជា ធីឡាយ អគ្គនាយកអិុនធីស៊ីគ្រុប និងលោកទំទាវ ជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក-លោកស្រីដែលជាមាតាបិតានិងអាណាព្យាបាលសិស្ស
- ថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អិុន ធី ស៊ី គ្រុប គណគ្រប់គ្រងសាលារៀនសុវណ្ណភូមិ
ទីតំាងក្រុងតាខ្មៅ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងប្អូនៗសិស្សានុសិស្ស
ទាំងអស់ជាទីស្រលាញ់រាប់អាន។
នេះគឺជាឆ្នាំទី៤ហើយ ដែលសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ
បានរៀបចំពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពត៌មានស្តីអំពីការសិក្សា
ជូនដល់មាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូប ដែលមានកូនគ្រប់អាយុចូលសាលាក្នុងកំរិត មត្តេយ្យសិក្សាចាប់ទទួលពីអាយុ៣ឆ្នាំ
និងក្នុងកំរិតបឋមសិក្សាចាប់ទទួលពីអាយុ៦ឆ្នាំឡើងទៅ។
ការបញ្ជូនកូនទៅសាលាអោយត្រូវទៅតាមអាយុ គឺជាទុនមួយដ៏សំខាន់ដើម្បីអោយកូនរបស់
អស់លោក-លោកស្រីមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងចាប់យកនូវចំណេះដឹងពីលោកគ្រូ-អ្នកគ្រូក្នុងកំរិត
បឋមនិងមធ្យមសិក្សាទៅថ្ងៃមុខ
និងជាប្រយោជន៍សំរាប់បន្តការសិក្សាកំរិតឧត្តមនាពេលអនាគត។
វត្តមានរបស់ឯកឧត្តម លោកជំទាវ
លោក-លោកស្រីនាពេលនេះ គឺជាបុព្វហេតុដ៏សំខាន់ ដែលជំរុញអោយសាលារៀនសុវណ្ណភូមិ
ពង្រឹងនូវការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើគុណភាព ក្នងការអប់រំដល់បុត្រធីតារបស់លោក-អ្នក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិង កីឡា ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឆ្លៀតក្នុងឪកាសដ៏មានតំលៃនេះ ខ្ញុំសូមអនុញ្ញាតបង្ហាញជូនអង្គពិធីទាំងមូលនូវភាពរីកចំរើន
របស់សាលារៀនសុវណ្ណភូមិដូចតទៅ៖ សាលារៀនសុវណ្ណភូមិ គឺជាសាលាចំណេះទូទៅឯកជន មួយក្នុងចំណោមសាលាចំណេះទូទៅឯកជនផ្សេងទៀតរបស់
អិុន ធី ស៊ី គ្រុប ដែលបានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០០៩
ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឧកញ្ញ៉ា ជា ធីឡាយ
អគ្គនាយក អិុន ធី ស៊ី
គ្រុប។
លក្ខណៈពិសេសរបស់សាលារៀនសុវណ្ណភូមិ អគារសិក្សាផ្ទាល់ខ្លួន
កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា
ប្រជុំគ្រូដែលមានបទពិសោធន៏និងជំនាញច្បាស់លាស់
សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកំរិតនិមួយៗ
បរិយាកាសក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លាសាលាធំទូលាយដើម្បីធានាបាននូវគុណភាព
និងសុវត្ថិភាពជូនដល់សិស្សានុសិស្ស។
ការធ្វើទំនើបកម្មកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបន្ថែម ការអភិវឌ្ឍន៏សមត្ថភាពគ្រូបង្រៀន
និងការបង្កើតអោយមានបរិយាកាសសាលារៀនបែបវិជ្ជមាន គឺជាកម្លាំងចលករមួយដ៏ សំខាន់ដើម្បីជំរុញអោយមានភាពរីកចំរើនក្នុងការសិក្សា
អោយមានវិន័យល្អ មានសណ្តាប់ធ្នាប់និង របៀបរៀបរយត្រឹមត្រូវ
និងមានទំនាក់ទំនងល្អទាំងនៅក្នុងសាលា គ្រួសារ និងសង្គមទាំងមូល។
កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ រៀបចំឡើងក្នុងគោលបំណងដើម្បីបំពេញនូវតំរូវការរបស់អ្នកសិក្សា
ដោយផ្អែកទៅលើភាពរីកចំរើនរបស់សង្គម ការប្រគួតប្រជែងគុណភាពក្នុងតំបន់
និងឪកាសទីផ្សារការងារ ហើយបាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត
ទៅតាមនិយាមគរុកោសល្យនៅក្នុងសាលារៀនសុវណ្ណភូមិ ។
អង្គពិធីទាំងមូលជាទីគោរព!
ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ ផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់
សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកំរិតមត្តេយ្យសិក្សា រហូតដល់វិទ្យា
ល័យ និងភាសាអង់គ្លេសទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។
បេសកកម្មរបស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖
១-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព
២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់
៣-ផ្តល់ជូននូវសំភារៈឧបទ្ទេសគ្រប់គ្រាន់
៤-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា
ជាលទ្ឋផលត្រឹមឆ្នាំសិក្សា២០១៣-២០១៤នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំង
សរុបចំនួន២០កន្លែងទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅ តាមបណ្តាខេត្តសំខាន់ៗមានដូចជាៈ
ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយ មានជ័យ ក្រុងប៉ោយប៉ែត
និងខេត្តសៀមរាប ហើយបានប្រមូលសិស្សអោយចូលសិក្សាសរុបមាន ចំនួនជាង ៣៥,០០០នាក់ និងបុគ្គលិកសរុបជាង១,៨០០នាក់។
នៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់សាលារៀនសុណ្ណភូមិ បានបង្ហាញអំពីការ
ពង្រីកទីតាំងបន្ថែម ក្នុងតំបន់សក្តានុពលមួយចំនួនទាំងនៅក្នុងរាជធានីភ្នំពេញ
និងតាមបណ្តាទីរួម ខេត្តសំខាន់ៗអោយបានចន្លោះពី២៣-២៥ទីតាំងទូទាំងប្រទេស ត្រឹមឆ្នាំ២០១៧។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់!
យោងតាមរយៈរបាយការណ៍ខាងលើនេះ បានបង្ហាញជូនអង្គវិធីទាំងមូល អោយឃើញនូវ ភាពរីកចំរើនឥតឈប់ឈររបស់សាលារៀនសុវណ្ណភូមិ
រយៈពេល៥ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះ គឺជាមោទនភាពរបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ
លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលមានលោក ឧកញ្ញ៉ា ជា ធីឡាយ
អគ្គនាយកអិុនធីស៊ីគ្រុប ជាអ្នកដឹកនាំនិងបានផ្តល់នូវ
អនុសាសន៍ជាច្រើន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀនសុវណ្ណភូមិ។ លើសពីនេះលោក ឧកញ្ញ៉ាអគ្គនាយក បានរួមចំណែកក្នុងការងារសង្គម
និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀតក្នុង គោលបំណងដើម្បីជួយសំរាលការលំបាកដល់ក្រុមគ្រួសារក្រីក្រ
ជនចាស់ជរាគ្មានទីពឹង និងកុមារ កំព្រាដែលកំពុងជួបប្រទះការខ្វះខាត។
ជាទីបញ្ចប់ ជួសមុខអោយគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ សូមថ្លែងអំណរគុណ ចំពោះគណអធិបតី
ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាមាតាបិតានិងអាណាព្យាបាលសិស្ស
ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញចូលរួមក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី
២០១៤-២០១៥ របស់សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅនាពេលនេះ និងសូមប្រសិទ្ធិពរជ័យ ជូនចំពោះគណអធិបតី
ឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ អោយជួបប្រទៈតែសេចក្តីសុខ
និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច និងសូមអោយប្អូនៗសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ
អោយក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងឆ្នាំសិក្សាថ្មី២០១៤-២០១៥នេះ។
សូមអរគុណ!
Comments