តើហេតុអ្វីចំណូលគឺជាចំណាយ?
ជាការពិត ការប្រកបរបរអាជីវកម្ម (doing business) ក្នុងគោលបំណងចង់បានប្រាក់ចំណេញខ្ពស់ (maximize profit)។ ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ ក្រុមហ៊ុនទាំងឡាយតែងតែស្វែងរកនូវវិធីសាស្រ្តផ្សេងៗ ដើម្បីជំរុញការលក់ផលិតផល ឬសេវាកម្មរបស់ខ្លួន។ ក្រោយពេលរបាយការណ៍លក់ផលិតផល ឬសេវាកម្មបានបង្ហាញថាមានកំណើនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចុះហេតុអ្វីបានជាក្រុមហ៊ុននៅតែមិនទទួលបានប្រាក់ចំណេញខ្ពស់?
➦ ចូរចងចាំថា៖ ក្រុមហ៊ុនរបស់អ្នករកចំណូលបានច្រើនជាបន្តបន្ទាប់ មិនបានបញ្ជាក់ថាក្រុមហ៊ុនទទួយបានប្រាក់ចំណេញខ្ពស់ឡើយ ដ៏រាបណាប្រព័ន្ធនៃការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយនៅមានភាពធូររលុងនៅឡើយ។ ក្នុងន័យនេះ សបញ្ជាក់ឱ្យឃើញថា "ចំណូលគឺជាចំណាយ" ដោយហេតុថា អត្រានៃប្រាក់ចំណេញនៅដ៏ដែលឬធ្លាក់ចុះ ស្របពេលដែលចំណូលក្រុមហ៊ុនមានការកើនឡើងជាលំដាប់។
➦ វិធីសាស្រ្តក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយរបស់ក្រុមហ៊ុន៖
អ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ៗបានដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនហ៊ុមព័តទៅដោយការចំណាយគ្រប់បែបយ៉ាង មានទាំងចំណាយថេរ (fixed costs) និងចំណាយប្រែប្រួល (variable costs)។ ក្នុងការត្រួតពិនិត្យការចំណាយ (controlling costs) អ្នកចាំបាច់ត្រូវស្គាល់ថា ចំណាយប្រភេទណាដែលត្រូវគ្រប់គ្រង និងចំណាយប្រភេទណាដែលអ្នកមិនចាំបាច់គ្រប់គ្រង។
1. ប្រភេទចំណាយដែលត្រូវគ្រប់គ្រង (controllable costs)៖
ប្រភេទចំណាយដែលត្រូវគ្រប់គ្រងគឺជាប្រភេទចំណាយប្រែប្រួល (variable costs) ដែលក្រុមហ៊ុននិមួយៗចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។ ឧទាហរណ៍៖ ការប្រើប្រាស់ទឹក-ភ្លើង ការប្រើប្រាស់កម្លាំងពលកម្ម ការប្រើប្រាស់ទូរសព្ទ ការទិញសម្ភារផ្សេងៗ... ។ល។ គឺសុទ្ធតែជាប្រភេទចំណាយដែលអាចគ្រប់គ្រង និងត្រួតពិនិត្យបាន ហើយការចំណាយអាចថយឬធ្លាក់ចុះ ប្រសិនបើអ្នកគ្រប់គ្រងវាបានល្អ។
2. ប្រភេទចំណាយដែលមិនចាំបាច់គ្រប់គ្រង (uncontrollable costs)៖
ប្រភេទចំណាយដែលមិនចាំបាច់គ្រប់គ្រងគឺជាប្រភេទចំណាយដែលថេរ (fixed costs) ដែលមិនតម្រូវឱ្យអ្នកត្រួតពិនិត្យចំណាយ (Costs Controller) យកចិត្តទុកដាក់ខ្លាំងជាមួយវាឡើយ ប្រសិនបើក្នុងរបាយការណ៍បង្ហាញអំពីកំណើននៃការចំណាយប្រភេទនេះ អ្នកគ្រាន់តែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើគឺជាការស្រាច់។ ឧទាហរណ៍៖ ការចំណាយថ្លៃឈ្នួលអគារ ប្រាក់ខែថ្នាក់ដឹកនាំនិងបុគ្គលិក... ។ល។
➦ ដំណើរការក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយ៖
ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការចំណាយ អ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
1. កំណត់ស្តង់ដារចំណាយ (cost standards) អាចជាប្រភេទនៃការចំណាយដែលមានក្នុងគម្រោងច្បាស់លាស់ (budget)
2. វិភាគទៅលើភាពកើន-ថយ (variance analysis) ដោយយកចំណាយជាក់ស្តែង (actual) ប្រៀបធៀបជាមួយចំណាយដែលបានគ្រោងទុក (budget)
3. កំណត់មូលហេតុ (identify causes) រកឱ្យឃើញថាតើមូលហេតុអ្វីបាននាំឱ្យមានការចំណាយកើន ឬថយបែបនេះ?
4. ផ្តល់អនុសាសន៍ (recommendation) ដើម្បីធ្វើការផ្លាស់ប្តូរការចំណាយសម្រាប់ពេលក្រោយ
➦ បញ្ជាក់៖ ការចំណាយរបស់ក្រុមហ៊ុនអាចកើនឡើងឬថយចុះ អាស្រ័យទៅលើកត្តាពីរសំខាន់គឺ ការចំណាយទៅលើផ្នែកសម្ភារ (material costs) និងការចំណាយទៅលើផ្នែកកម្លាំងពលកម្ម (labor costs)។
Comments