តើបុគ្គលិកមានប៉ុន្មានប្រភេទ?

អត្តបទទី២២២ ឆ្នាំទី៨
ទស្សនៈផ្ទាល់ខ្លួនក្នុងការដឹកនាំបុគ្គលិកក្រោមឱវាទ

ការងារជាអ្នកបង្រៀនមនុស្ស មនុស្សគឺជាអ្នកបង្កើតបញ្ហាហើយក៏ត្រូវតែជាអ្នកដោះស្រាយបញ្ហា ភាពបរាជ័យវាគឺជាមេរៀនដ៏ល្អ ភាពជោគជ័យគឺជាឱសថ ការដឹកនាំជួបបញ្ហាគឺជាឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន ការដោះស្រាយតម្រូវការបុគ្គលិកគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ ការបំពេញតម្រូវការអតិថិជនគឺគោលដៅរបស់ស្ថាប័ន។ ក្នុងតួនាទីជាអ្នកដឹកនាំម្នាក់ ត្រូវយល់ឱ្យបានច្បាស់អំពីរបៀប/វិធីសាស្រ្តក្នុងការដឹកនាំ (leadership style) ដើម្បីជំរុញផលិតភាពការងារ និងធានាបាននិរន្តរភាពអាជីវកម្ម។

ជាទូទៅបុគ្គលិកត្រូវបានបែងចែកជាបួនប្រភេទធំៗ ហើយប្រភេទនិមួយៗត្រូវការរបៀបនៃការដឹកនាំផ្សេងៗគ្នា៖
  1. ប្រភេទលេខ១៖ បុគ្គលិកហាត់រៀនការងារដំបូង (apprentice) 
  2. ប្រភេទលេខ២៖ បុគ្គលិកកំពុងមានការអភិវឌ្ឍន៍ (developing) 
  3. ប្រភេទលេខ៣៖ បុគ្គលិកមានជំនាញ (skilled) 
  4. ប្រភេទលេខ៤៖ បុគ្គលិកឯកទេស (expert)
តើអ្នកដឹកនាំត្រូវប្រើប្រាស់វិធីសាស្រ្តក្នុងការដឹកនាំបែបណា (leadership style)?
  1. របៀបនៃការដឹកនាំបែបចង្អុលបង្ហាញផ្ទាល់ (directing style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ១ (បុគ្គលិកហាត់រៀនការងារដំបូង) ដែលតម្រូវឱ្យអ្នកដឹកនាំត្រូវបង្ហាញអំពីជំហាននិមួយៗ និងប្រាប់វិធីអនុវត្តជាក់ស្តែងដល់បុគ្គលិកក្រោមឱវាទ។ 
  2. របៀបនៃការដឹកនាំបែបប្រគល់ភារកិច្ច (delegating style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ២ (បុគ្គលិកកំពុងមានការអភិវឌ្ឍន៍) ពីព្រោះបុគ្គលិកហាក់ដូចជាមានការយល់ដឹងច្រើន ហើយអាចធ្វើដោយខ្លួនឯងបានខ្លះ ដូច្នេះអ្នកដឹកនាំត្រូវប្រើវិធីសាស្រ្តបែបប្រគល់ភារកិច្ចឱ្យធ្វើជំនួស ប៉ុន្តែត្រូវនៅចាំជួយពីក្រោយជានិច្ច។ 
  3. របៀបនៃការដឹកនាំបែបបង្វឹកអ្នកមានជំនាញ (coaching style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ៣ (បុគ្គលិកមានជំនាញ) ដោយសារតែបុគ្គលិកបានឆ្លងកាត់បទពិសោធន៍ការងារជាក់ស្តែងច្រើនឆ្នាំ ដូច្នេះពួកគេចង់បង្ហាញថាគេអាចធ្វើបានដោយខ្លួនឯង ហ៊ានប្រឈមជាមួយការលំបាកគ្រប់បែបយ៉ាង អ្វីដែលអ្នកដឹកនាំអាចធ្វើបានជាមួយបុគ្គលិកប្រភេទនេះគឺផ្តល់ការណែនាំបន្ថែមខ្លះទៀត ហើយបញ្ជាក់ប្រាប់ពួកគេថា អ្នកអាចធ្វើវាបានពីព្រោះវាជាជំនាញរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកត្រូវការគំនិតយោបល់បន្ថែម នៅមានពួកយើងនៅចាំជួយ។ 
  4. របៀបនៃការដឹកនាំបែបប្រគល់សិទ្ធិអំណាច (empowering style)៖ ច្រើនប្រើជាមួយបុគ្គលិកប្រភេទលេខ៤ (បុគ្គលិកឯកទេស) ដោយហេតុថាការអនុវត្តន៍ការងារដ៏ដែលៗជាច្រើនឆ្នាំរហូតមក ធ្វើឱ្យពួកគេមានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯង បានដឹងយ៉ាងច្បាស់អំពីកក្តានាំឱ្យមានភាពជោគជ័យនិងភាពបរាជ័យ ដូច្នេះអ្វីដែលអ្នកដឹកនាំចាំបាច់ត្រូវធ្វើគឺការជំរុញនិងលើកទឹកចិត្ត ហើយបង្ហាញនូវការគាំទ្រពេញទំហឹង ជួយគូរវាសគោលដៅដែលត្រូវទៅ និងប្រាប់ពួកគេថារាល់បញ្ហាធំៗទាំងឡាយដែលពិបាកដោះស្រាយអាចស្នើយោបល់បានគ្រប់ពេល។ 
បញ្ហាដែលច្រើនកើតឡើងពេលអនុវត្តការងារ នៅត្រង់ការកំណត់ប្រភេទបុគ្គលិកមិនបានច្បាស់លាស់ពីសំណាក់អ្នកដឹកនាំ និងការប្រើប្រាស់វិធីសាស្រ្តខុសជាមួយប្រភេទបុគ្គលិកនិមួយៗ។ បញ្ហាប្រឈមួយទៀតកើតឡើង នៅពេលដែលបុគ្គលិកម្នាក់ៗមានការយល់ច្រឡំអំពីសមត្ថភាពពិតប្រាកដរបស់ខ្លួន ដោយយល់ថាខ្លួនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ដែលអាចជាបុគ្គលិកប្រភេទលេខ៣ ចុះហេតុអ្វីបានជាអ្នក ដឹកនាំរបស់ខ្លួន (មេផ្ទាល់) មិនសូវមានទំនុកចិត្តថាអាចធ្វើបាន? 


ការសន្និដ្ឋាន៖  
ការកំណត់សមត្ថភាពរបស់បុគ្គលិកក្រោមឱវាទមិនច្បាស់ គឺជាឧបសគ្គដ៏ធំរបស់មេដឹកនាំម្នាក់ៗ ហើយអាចឈានដល់ការប្រើប្រាស់បុគ្គលិកខុសជំនាញ ផលិតភាពការងារធ្លាក់ចុះ និងបង្កើតប្រព័ន្ធការងារដែលពុំមានតម្លាភាព។ អ្វីដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវធ្វើនោះគឺស្គាល់បុគ្គលិកម្នាក់ៗឱ្យបានច្បាស់ ដឹងអំពីសមត្ថភាពបំពេញការងារ អត្តចរិក និងសវតា ហើយប្រើវិធីសាស្រ្តក្នុងការដឹកនាំ (leadership style) ឱ្យត្រូវជាមួយប្រភេទបុគ្គលិកនិមួយៗ៕

Comments

Popular posts from this blog

សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា

៩ ចំណុចសំរាប់អ្នកសម្ភាសការងារ

សុភាសិតខ្មែរ