ទំនួលខុសត្រូវរបស់បុគ្គលិកធំបំផុតគឺលាឈប់ពីការងារ ស្របពេលដែលថៅកែមិនអាចលាឈប់ពីក្រុមហ៊ុនបាន
ការចែករំលែកសម្រាប់ឆ្នាំ២០១៩ លេខ០០២
…………………………………………………………………………………………
ទស្សនផ្ទាល់ខ្លួន “ទំនួលខុសត្រូវរបស់បុគ្គលិកធំបំផុតគឺលាឈប់ពីការងារ ស្របពេលដែលថៅកែមិនអាចលាឈប់ពីក្រុមហ៊ុនបាន”
ជាទូទៅក្រុមហ៊ុនមួយរីកចម្រើនទៅបាន អាស្រ័យទៅលើសមត្ថភាពរបស់បុគ្កលិក ការតាំងចិត្តខ្ពស់ និងការចូលរួមចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល លុះពេលក្រុមហ៊ុនទទួលបានភាពជោគជ័យ គ្មានបុគ្គលណាម្នាក់អាចនិយាយបានថា ក្រុមហ៊ុនជោគជ័យដោយសារតែខ្ញុំបានឡើយ គឺត្រូវនិយាយថាក្រុមហ៊ុនទទួលបានភាពជោគជ័យគឺដោយសារយើងទាំងអស់គ្នា។
ខាងក្រោយនេះគឺជាការពន្យល់អំពីទំនួលខុសត្រូវផ្សេងគ្នារវាងបុគ្គលិកនិងថៅកែ៖
- បុគ្គលិកៈ ដើម្បីចង់បង្ហាញដល់ថៅកែឱ្យមានភាពជឿជាក់មកលើខ្លួន និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង បុគ្កលិកអាចនិយាយថា “បើខ្ញុំធ្វើមិនបានខ្ញុំសុខចិត្តដើរចេញ” ពាក្យទាំងនេះពេលបានស្តាប់ហើយហាក់ដូចជាបានធ្វើឱ្យថៅកែពេញចិត្តខ្លាំង ដោយយល់ថាបុគ្គលិកម្នាក់នេះគាត់ហ៊ានសុីហ៊ានសង ប៉ុន្តែការហ៊ានសុីហ៊ានសងបែបនេះគឺពិតជាធ្វើឱ្យថៅកែទទួលរងនូវការលំបាកគ្រប់បែបយ៉ាងក្រោយពេលបុគ្គលិកចាកចេញពីក្រុមហ៊ុនបាត់។ ពាក្យមួយឃ្លាដ៏ត្រឹមត្រូវដែលបុគ្គលិកគ្រប់រូបគួរប្រើដើម្បីបង្ហាញអំពីទំនួលខុសត្រូវពិតប្រាកដគឺ “ខ្ញុំចូលរួមដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនរហូតដល់ទីបញ្ចប់” ត្រង់ន័យនេះចង់បង្ហាញថា បុគ្គលិកមិនបន្សល់ទុកនូវការលំបាកដល់ថៅកែ និងនៅតែចង់ឃើញភាពរីកចម្រើនក្រោយពេលខ្លួនផុតទំនួលខុសត្រូវ។
- ថៅកែៈ ការរំពឹងទុករបស់ថៅកែគឺការខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកទាំងអស់ ហើយត្រូវមានគំនិតគិតថាស្រឡាញ់និងថែរក្សាក្រុមហ៊ុនឱ្យដូចជារបស់ខ្លួន ប៉ុន្តែក្តីរំពឹងទាំងនោះមិនទទួលបានផលវិជ្ជមាន១០០ភាគរយឡើយ ដោយហេតុថាបុគ្គលិកនៅតែគិតថាគាត់ជាបុគ្គលិក ហើយថៅកែនៅតែគិតថាមិនអាចធ្វើដូចបុគ្គលិកបានឡើយ។ ត្រង់ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ការចង់បានរបស់បុគ្គលិកនឹងថៅកែមិនដូចគ្នាទេ តើត្រូវធ្វើបែបណាដើម្បីឱ្យការចង់បានរបស់បុគ្គលិកនិងថៅកែស្របគ្នា?
ចម្លើយពិតជាមិនទាន់អាចឆ្លើយបាន ស្របពេលមិនទាន់រកឃើញលទ្ធផលនៃការស្រាវជ្រាវណាមួយនៅឡើយ ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ភាគីបុគ្គលិកនិងថៅកែនៅតែអាចសម្រេចគោលបំណងរៀងៗខ្លួនបានតាមរយ៖
- ពិភាក្សាគ្នាដោយបង្ហាញអំពីគោលដៅ និងតម្រូវការពិតប្រាកដរបស់ខ្លួន
- ផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅរួមគ្នា
- ចូលរួមដោះស្រាយនិងអនុវត្តការងារក្នុងភាពជាម្ចាស់ និងឈរលើគោលការណ៍រួម
- ចែករំលែកសេចក្តីសុខឱ្យគ្នាទៅវិញទៅមកតាមបែបរួមសុខរួមទុក្ខជាមួយគ្នា
- ហ៊ានទទួលយកលទ្ធផលវិជ្ជមាននិងអវិជ្ជមានដោយបង្ហាញអំពីទំនួលខុសត្រូវរួមគ្នា
Comments