គ្មានមោទកភាពណា ធំជាងការអប់រំកូនឡើយ
ដើម្បីឱ្យកូនៗទទួលបានលទ្ធផលនៃការសិក្សាល្អ ទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់យ៉ាងខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងមាតាបិតា និងសាលារៀន។ លទ្ធផលនៃការអប់រំល្អ មិនមែនជារឿងចៃដន្យឡើយ វាគឺជាការខិតខំប្រឹងប្រែង និងការព្យាយាមរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា។
សម្ភារៈដែលមានគុណភាពប្រាកដជាមានតម្លៃថ្លៃ ការអប់រំដែលល្អប្រាកដជាមានការចំណាយខ្ពស់ ប៉ុន្តែការចំណាយខ្ពស់ទៅលើការអប់រំកូនគឺជារឿងចាំបាច់បំផុត បើប្រៀបធៀបជាមួយសម្ភារៈប្រើប្រាស់ដើម្បីលម្អជីវិតប្រចាំថ្ងៃ។ ការអប់រំកូនត្រូវតែមានគោលដៅច្បាស់លាស់ គោលដៅចម្បងរបស់ឱពុកម្តាយគឺចង់ឱ្យកូនទទួលបានអនាគតភ្លឺស្វាង និងក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិទាំងមូល។
ការជួយជ្រោមជ្រែង និងទំនុកបម្រុងពីសំណាក់ឪពុកម្តាយចំពោះការអប់រំកូន គឺជាកាតព្វកិច្ច និងជាកម្លាំងចិត្តដ៏មហិមាសម្រាប់កូនក្នុងការខិតខំប្រឹងប្រែងរៀនសូត្របន្ថែម។ ឧបការគុណទាំងនេះ នឹងធ្វើឱ្យកូនចងចាំមិនភ្លេចនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាងរបស់ឪពុកម្តាយចំពោះកូនៗ៕
Comments